Register Already an agent ? Login

គម្រោងដ៏ធំមួយក្រោមដី មានចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននៅកណ្ដាលក្រុងភ្នំពេញ បានបើកការដ្ឋានសាងសង់

ភ្នំពេញ៖ គម្រោងក្រោមដីដ៏ធំមួយមានផ្ទៃដីទំហំ ៣៣.១២០ម៉ែត្រការ៉េ ដែលមានចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត ជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងពិធីបើកការដ្ឋាននេះ ឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) បានលើកឡើងឱ្យថា គម្រោងក្រោមដីដ៏ធំនេះ មានចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់ ២ជាន់ជាចំណតរថយន្ត ២ជាន់ទៀតជាផ្សារទំនើប លើផ្ទៃដីទំហំ៣៣.១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន៥១៦គ្រឿង។

លោកស្រី អគ្គនាយិកា បានគូសបញ្ជាក់ថា គោលបំណងដែលក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) បង្កើតឡើងនូវគម្រោងខាងលើនេះ គឺដើម្បីចូលរួមកាត់បន្តយ ការកកស្ទះចរាចរ និងបង្កើតមុខរបរឱ្យអាជីវករតូចតាច អាចប្រកបមុខរបរលក់ដូរនៅក្នុងអគារក្រោមដីនេះបាន។

គម្រោងនេះ ក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើន ដែលមានទាំងចំណតសាធារណៈ ផ្សារទំនើប និងសេវាកម្មផ្សេងៗ ស្ថិតនៅខាងក្រោមដី ដែលជាគម្រោងថ្មីមួយមិនធ្លាប់មានឡើយ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។ បើតាមការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក បានលើកឡើងបន្តថា គម្រោងនេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្តចតុកោណដំណាក់កាលទី៤ ចុងអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា យ៉ាងពិតប្រាកដ។

លោក ឃួង ស្រេង បានលើកឡើងថា ខណ្ឌដូនពេញ នាពេលបច្ចុប្បន្នបានក្លាយជាចំណុចប្រសព្វដ៏សំខាន់ និងជាតំបន់លំនៅឋាន-ពាណិជ្ជកម្ម ដ៏ធំមួយ ចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែលមានលំហូរចរាចរណ៍យានយន្តធ្វើដំណើរលើដងផ្លូវយ៉ាងមមាញឹកស្ទើរតែគ្រប់ពេលវេលា និងមានចរន្តនៃការដោះដូរទំនិញ-សេវាកម្មទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិយ៉ាងសកម្មបំផុត រួមមានវិស័យធនាគារ-ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម-សេវាកម្មទំនើប, ការស្តុកទុក-ចែកចាយផលិតផលសម្រេចក្នុងស្រុក និងបរទេសព្រមទាំងការជួញដូរក្នុងទីផ្សារចម្រុះជាដើម ដែលសកម្មភាពទាំងនេះបានធ្វើឱ្យទីក្រុងរបស់យើងកាន់តែមានភាពរស់រវើក ទាក់ទាញ និងមមាញឹកបំផុត។

លោក អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ដូច្នេះ ការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ ចំណតសាធារណៈ និងការវិនិយោគបែបប្រណីត គឺជាជម្រើសដ៏គាប់ប្រសើរ សម្រាប់រាជធានីភ្នំពេញ ក្នុងសតវត្សរ៍ថ្មីនេះ។

គម្រោងដ៏ធំនេះ គឺជាការរួមចំណែកដ៏ល្អរបស់វិស័យឯកជន ក្នុងភាពជាដៃគូជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយនូវបញ្ហាចំណតសាធារណៈក្នុងទីក្រុង បង្កើតជម្រើសធុរកិច្ចជូនបងប្អូនអាជីវករកាន់តែសម្បូរបែប និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រង និងស៊ីវិល័យបន្ថែមទៀត។ បើតាមការបន្តរបស់ លោក ឃួង ស្រេង បានបន្ថែមថា ព្រោះថាមុននេះ យើងធ្លាប់តែលឺអំពីចំណតរថយន្ត និងផ្សារទំនើបក្រោមដី នៅតាមបណ្តាទីក្រុងនៃប្រទេសអភិវឌ្ឍន៍ ប៉ុន្តែឥឡូវទីក្រុងរបស់យើងក៏នឹងមានសមិទ្ធផលថ្មីនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)