Register Already an agent ? Login

រដ្ឋខាតបង់ថវិកាប្រមាណជិត ២លានដុល្លារ តាមរយៈការលើកលែងពន្ធប្រថាប់ត្រា

ភ្នំពេញ៖ រដ្ឋបានខាតបង់ថវិកាសរុបចំនួន ៧,៩៩ប៊ីលានរៀល គិតប្រាក់ដុល្លារប្រមាណជិត ២លានដុល្លារ គិតចាប់ពីការសម្រេចផ្ដល់គោលការណ៍លើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើ ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារ។ បើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ១៣ នៃអគ្គនាយដ្ឋានពន្ធដារ។

គិតចាប់ពីការសម្រេចផ្ដល់គោលការណ៍លើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើ ៧០ ០០០ (ប្រាំពីរម៉ឺន)ដុល្លារ ដោយរាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសរុបចំនួន ១ ០២២ឯកសារ ដែលមានប្រាក់ពន្ធ សរុបចំនួន ៧,៩៩ប៊ីលានរៀល (ប្រមាណជិត ២លានដុល្លារ)។

បើតាមព្រឹត្តិបត្រព័ត៌មានខាងលើបានលើកឡើងថា ការរក្សារភាពការងារដូចពីយោជិតកម្មករ ជាកត្តាសំខាន់ក្នុងការលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម លើសពីនេះទៅទៀត ដើម្បីផ្តល់លទ្ធភាពក្នុងការទិញលំនៅឋានដែល មានតម្លៃសរម្យ រាជរដ្ឋាភិបាលបានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ ឆ្នាំ២០២៤។

បើតាមព្រឹត្តិបត្រព័ត៌មានដដែល បានបន្ថែមថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវអនុវត្តលើដីមានសំណង់និងដីគ្មានសំណង់ ដែលមិនបានប្រើប្រាស់ដែលស្ថិតក្នុងព្រះរាជាណាចក្រកម្ពុជា។ ដីធ្លីជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ក៏ជាដីធ្លីទាំងឡាយណាដែលគ្មានមានលក្ខណៈណាមួយ នៃលក្ខណៈទាំង៥ ដូចខាងក្រោម៖

១-ដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅឋាន ដែលកម្មសិទ្ធិករប្រើប្រាស់ជាកន្លែងស្នាក់នៅជាសំខាន់របស់ខ្លួន និងបានស្នាក់នៅកន្លែងនោះ ចំនួន១៨៣ថ្ងៃ ឬច្រើនជាង គិតចាប់ពីថ្ងៃទី០១ ខែតុលា នៃឆ្នាំជាប់ពន្ធកន្លងទៅ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំប្រមូលពន្ធ

២-ដីជួលដែលមានសំណង់មានការកាន់កាប់ ដែលផ្តល់លាភការប្រចាំខែលើសពី ៨០% នៃចំនួន១ភាគ១២នៃតម្លៃដីក្នុងឆ្នាំប្រមូលពន្ធ គុណ នឹងមេគុណកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

៣-ដីដែលមានសកម្មភាពសេដ្ឋកិច្ចស្របតាមការកំណត់តំបន់របស់រដ្ឋ ដែលមានប្រាក់ចំណូលប្រចាំខែអំពីសកម្មភាពនោះ បានលើសពីចំនួន ៨០% នៃចំនួន១ភាគ១២នៃតម្លៃដីក្នុងឆ្នាំប្រមូលពន្ធ គុណនឹងមេគុណកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

៤-ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គល ហើយដីនោះមានលក្ខ ណាមួយនៃចំណុចទាំង៣ ខាងលើ

៥-ដីដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ។

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវប្រមូលប្រចាំឆ្នាំតាម តាមអត្រា ២% នៃតម្លៃដីដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើ

ដីធ្លីមិនបានប្រើប្រាស់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)