Register Already an agent ? Login

អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ព្យាករថានឹងបន្តកំណើនក្នុងអត្រាប្រមាណ ១១,៧% ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានព្យាករថានឹងបន្តកំណើនក្នុងអត្រាប្រមាណ ១១,៧% ក្នុងឆ្នាំ២០២៣ និង ១២,៨% ក្នុងឆ្នាំ២០២៤ ដោយសារការរំពឹងទុកភាពល្អប្រសើរនៃតម្រូវការខាងក្រៅ។ បើយោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។

អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានព្យាករថា នឹងបន្តកំណើនក្នុងអត្រាប្រមាណ ១១,៧% ក្នុងឆ្នាំ២០២៣ និង ១២,៨% ក្នុងឆ្នាំ២០២៤ ដោយសារការរំពឹងទុកភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេស សហរដ្ឋអាម៉េរិក, ចិន, និងអាស៊ាន ដែលនឹងបន្តលើកកម្ពស់ផលិតកម្មបម្រើឱ្យការនាំចេញលើផលិតផលដែលមាន សក្ដានុពលមួយចំនួន រួមមាន៖

បង្គុំសូឡា, គ្រឿងសង្ហារិម, ខ្សែភ្លើងនិងបង្ខំខ្សែភ្លើង, គ្រឿងបង្ខំអេឡិចត្រូនិក និងផលិតផលកសិ-ឧស្សាហកម្មមួយចំនួនទៀត។ ជាមួយគ្នានេះ ផលិតកម្មបម្រើឱ្យទីផ្សារក្នុងស្រុកក៏មាននិន្នាការកើនឡើង ជាពិសេស លើផ្នែកសំខាន់ៗ ដូចជា ផលិតកម្មដំឡើងយានយន្ត និងអាហារនិងភេសជ្ជៈ ជាដើម។

ការបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់, កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ក៏នឹងចូលរួមចំណែកជំរុញពិពិធកម្មទាំងក្នុងផ្នែកផលិតផល និងទីផ្សារនាំចេញ សម្រាប់កម្ពុជា ស្របពេលដែលការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តបង្កើនភាពទាក់ទាញ ដល់ការវិនិយោគក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ។

យ៉ាងណាមិញ, កង្វះវត្ថុធាតុដើម, កង្វះប្រភេទអាជីវកម្ម ធុនតូចនិងមធ្យម និងកម្លាំងពលកម្មជំនាញក្នុងស្រុក, បញ្ហាស្ថិរភាព និងថ្លៃអគ្គិសនី, និងភាពមានកម្រិតក្នុងការតភ្ជាប់ ទៅនឹងខ្សែច្រវាក់តម្លៃក្នុងតំបន់ នៅតែជាបញ្ហាប្រឈមចម្បងក្នុងអនុវិស័យនេះ។

រាជរដ្ឋាភិបាល នឹងបន្តជំរុញការអនុវត្តវិធានការមុតស្រួច ដើម្បីដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗដែលមានចរិតអន្តរស្ថាប័ន សំដៅលើកកម្ពស់ផលិតកម្មក្នុងស្រុក, ព្រមទាំងបានដាក់ចេញឱ្យអនុវត្តនូវ “ផែនការមេអភិវឌ្ឍន៍វិស័យថាមពល ២០២១-២០៤០ និង “គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលនឹងរក្សាស្ថិរភាពការផ្គត់ផ្គង់អគ្គិសនី និងបង្កើនភាពប្រកួតប្រជែង តាមរយៈការកាត់បន្ថយថ្លៃចំណាយ និងការបង្កើនប្រសិទ្ធភាពថាមពល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)