Register Already an agent ? Login

ក្នុងឆ្នាំ២០២៤ កំណើនសេដ្ឋកម្ពុជា រំពឹងថានឹងសម្រេចបានក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណាក្នុងអត្រា ២,៥%

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចជាតិរំពឹងថានឹងសម្រេចបានក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណាស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា ២,៥%។

ទស្សនវិស័យសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២៤ ត្រូវបានរំពឹងថានឹងសម្រេចបានកំណើនល្អ ជាមួយនឹងការថមថយអត្រាអតិផរណា ខណៈដែលឆ្នាំ២០២៣ ជាចំណុចរបត់មួយ ដែលកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងបរិការណ៍ក្រោយវិបត្តិជំងឺ-១៩។ បើតាម ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។

ឈរលើមូលដ្ឋាននេះ, កំណើនសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០២៤ រំពឹងថានឹងសម្រេចបានក្នុងអត្រា ៦,៦% ជាមួយនឹងអត្រាអតិផរណាស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា ២,៥% និងការរក្សាបាននូវស្ថិរភាពអត្រាប្ដូរប្រាក់ ៤ ០៦៥ រៀលក្នុងមួយដុល្លារអាម៉េរិក។

កំណើនខ្ពស់ និងរឹងមាំនេះ គាំទ្រដោយលទ្ធភាពក្នុងការសម្របខ្លួនបានទៅនឹងនិន្នាការសកល និងតំបន់ ដែលបាននិងកំពុងលេចឡើង ការត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈម និងហានិភ័យធំៗ), ការទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់, ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ និងភាគលាភប្រជាសាស្ត្រកម្ពុជា, ការទាញប្រយោជន៍ពីការរីកចម្រើនយ៉ាងរហ័ស នៃឌីជីថលូបនីយកម្ម, ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីនានា។

ផ្នែកលើទស្សនវិស័យសេដ្ឋកិច្ចខាងលើ, ក្របខណ្ឌចំណូល-ចំណាយឆ្នាំ២០២៤ ត្រូវបានរៀបចំប្រកប ដោយភាពប្រយ័ត្នប្រយែងខ្ពស់ ដោយឱនភាពថវិកានឹងស្ថិតក្នុងរង្វង់ -៣,៦២% នៃផសស ក្នុងគោលដៅធានានូវភាព រឹងមាំ និងចីរភាពហិរញ្ញវត្ថុសាធារណៈ។ ជាពិសេស, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងបន្តឈរលើគោលការណ៍ (១).ការពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពថវិកា ទាំងកម្រិតវិភាជន៍ និងប្រតិបត្តិការ ពោលគឺការចាយវាយឱ្យចំទិសដៅ ហើយផ្តោតលើតម្លៃនៃលុយ, (២).ការកែលម្ផអភិបាលកិច្ច និងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូល ចំណូល, ការបន្តធ្វើទំនើបកម្មប្រព័ន្ធចំណូល និងការផ្តល់សេវាសាធារណៈប្រកបដោយវិជ្ជាជីវៈ និង (៣),ការកៀរគរ លើប្រភពចំណូលដែលមានសកានពល។

រាជរដ្ឋាភិបាល នឹងខិតខំពន្លឿនកម្មវិធីកែទម្រង់សំខាន់ៗ និងដាក់ចេញវិធានការកែទម្រង់មុតស្រួចបន្ថែម ព្រមទាំងវិធានការគាំទ្រជាបន្តបន្ទាប់តាមតម្រូវការជាក់ស្តែង សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់និងជំរុញវិស័យឯកជនទាំងក្នុងសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងការចាប់យកកាលានុវត្តភាពថ្មីៗ ដែលកើតចេញពីការប្រែប្រួលនិន្នាការនានា ជាពិសេស ការផ្លាស់ប្តូរនិងការធ្វើពិពិធកម្ម ខ្សែច្រវាក់ផលិតកម្មតំបន់និងសកល និងការកើនឡើងនូវការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន និងបច្ចេកវិទ្យាឌីជីថល ទាំងក្នុងក្របខណ្ឌប្រទេស, តំបន់ និងសកល ។

ក្នុងបរិការណ៍ដែលឆ្នាំ២០២៤ ជាឆ្នាំដំបូងនៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ “រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី" សំដៅលើកកម្ពស់ការបន្តអភិវឌ្ឍជាតិប្រកបដោយបរិយាបន្ន, ភាពធន់ និងចីរភាព, ជាពិសេស រក្សាឱ្យបាននូវសង្គមជាតិដែលប្រជាពលរដ្ឋយើងរស់នៅក្នុងបរិយាកាសមួយប្រកបដោយវិបុលភាព និងភាពសុខដុម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)