Register Already an agent ? Login

ផ្លូវ១ខែ្សប្រវែងជាង២០គ.ម ឆ្លងកាត់ស្រុក២ ក្នុងខេត្តកំពង់ឆ្នាំង បានបើកការដ្ឋានជួសជុលក្រាលកៅស៊ូ DBST

កំពុងឆ្នាំង៖ ជាចំណងដៃថ្មីបន្ថែមទៀត សម្តេចតេជោ ហ៊ុន សែន ជូនពលរដ្ឋកំពង់ឆ្នាំង ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងជាង ២០គីឡូម៉ែត្រ តភ្ជាប់រវាងស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន១ខ្សែ ប្រវែង ២០គីឡូម៉ែត្រ និង១៩៤ ម៉ែត្រ ដែលមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ទៅដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នេះជាគម្រោងរបស់រាជរដ្ឋាភិបាល ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទហៅកាត់ថា NRRPCP ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank­AIIB)។ បើតាមការលើកឡើងរបស់ លោក អ៊ុក រ៉ាប៊ុន។

លោក បានបន្តថា ការសាងសង់ផ្លូវនេះ នឹងប្រើរយៈពេល១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៤ ដែលទទួលកិច្ចសន្យាសាងសង់ ដោយក្រុមហ៊ុន Lim Meng Construction & import Export Co., Ltd។

នេះចំណងដៃថ្មីបន្ថែមទៀតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត នៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនេះ ក្នុងនោះគឺក្នុងក្របខណ្ឌម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ NRRPCP ដែលបាននិងកំពុងបើកឱ្យដំណើរការសាងសង់ចំនួន ៤ខ្សែរួចមកហើយ ដើម្បីបន្តរក្សានិរន្តរភាពសេដ្ឋកិច្ចជនបទ។ បើតាមការលើកឡើងបន្តរបស់ លោក អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ជាពិសេសស្តារជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ឱ្យកាន់តែល្អប្រសើរឡើង បន្ទាប់ពីកម្ពុជាបាននិងកំពុងងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។

នាឱកាស​នោះ លោក ក៏បានលើកឡើងពីសារៈសំខាន់ នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ការកែលម្អ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធជនបទ ការថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលប្រៀមដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជាមូលដ្ឋានគ្រឹះជំរុញកំណើនប្រាក់ចំណូល របស់ប្រជាជននៅតំបន់ជនបទ។

នៅក្នុងពិធីនេះដែរ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងបានបញ្ជាក់ថា ផ្លូវដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានប្រវែងចំនួន ២០គីឡូម៉ែត្រ និង១៩៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីជាន់ DBST មានទទឹងប្រវែង ៨ម៉ែត្រ។

លោក បានបន្តថា សំណង់សិល្បការ្យរួមមាន លូមូលកាត់ទទឹងផ្លូវចំនួន ៤២កន្លែង និងលូមូលកាត់ផ្លូវបំបែកចំនួន ១៣កន្លែង បំពាក់ស្លាកសញ្ញាសុវត្ថិភាព តាមបណ្តោយខ្សែផ្លូវរួមមាន៖ ស្លាកសញ្ញាចរាចរណ៍ចំនួន ៦៧កន្លែង គំនូសតាមអ័ក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ចំនួន ៦កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)