Register Already an agent ? Login

លោក ស៊ុន ចាន់ថុល ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែដងទង់ ក្នុងខេត្តកោះកុងអាចឱ្យនាវាផ្ទុកទំនិញទម្ងន់២ពាន់តោន

កោះកុង៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែដងទង់ ក្នុងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ ២០០០តោន អាចចូលចតបាន នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

កំពង់ផែដងទង់ ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលធានានូវការប្រើប្រាស់យូរអង្វែង និងសាងសង់ដោយថវិកាជាតិសរុបប្រមាណ ១២.៨៩៧.០០០.០០០រៀល (ដប់ពីរពាន់លាន ប្រាំបីរយកៅសិបប្រាំពីរលានរៀលគត់)។

កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។

ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព។

បន្ថែមពីលើកំពង់ផែ ដែលបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ខេត្តកោះកុង នឹងទទួលបានសមិទ្ធផលធំៗជាចំណងដៃ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នោះគឺ ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨គីឡូម៉ែត្រ តភ្ជាប់ក្រុងខេមរភូមិន្ទ ទៅកាន់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១០ មានប្រវែងជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់ខេត្តកោះកុង ទៅកាន់ខេត្តពោធិ៍សាត់ និងបន្តដល់ខេត្តបាត់ដំបង។

គូសបញ្ជាក់ថា គម្រោងសាងសង់ត្រូវបានចែកចេញជា ២ជំហាន សរុបកំពង់ផែមានបណ្តោយប្រវែង ១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ ២០០០តោន អាចចូលចតបាន។

កំពង់ផែថ្មី លើទឹកដីកោះកុង បានបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ។

ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ពាន់លានរៀលនេះ ក៏មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ ជាដើម។

នៅក្នុងពិធីនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីគម្រោងធំៗជាច្រើន ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្ត ក៏ដូចជាគ្រោងកំពុងសិក្សា ក្នុងនោះបានរំលេចជាពិសេសអំពី គម្រោងលើកកម្រិតផ្លូវជាតិ ផ្លូវខេត្ត គម្រោងផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី និងលើអាកាស នៅរាជធានីភ្នំពេញ និងគម្រោងកំពង់ផែនានា ដែលទាំងអស់នេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងលើកកម្ពស់ការតភ្ជាប់អន្តរវិស័យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)