Register Already an agent ? Login

លោក ថោង ខុន រំពឹងមានភ្ញៀវអន្តរជាតិ ៤.៥លាននាក់ មកទស្សនាកម្ពុជាពេញ១ឆ្នាំ២០២៣ ខណៈ ៥ខែឆ្នាំនេះទទួលបាន ២.១៦លាននាក់

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា រយៈពេល៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ បានមកទស្សនាកម្ពុជា និងបានបង្ហាញការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះ នឹងទទួលទេសចរអន្តរជាតិប្រមាណ ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ១៦លាននាក់។

ការថ្លែងបែបនេះរបស់ លោក ថោង ខុន នៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។

លោក ថោង ខុន បានបន្តដោយរម្លឹកថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង២.២លាននាក់ កើនឡើង១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិបានកើនឡើងលឿន និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានចំនួនប្រមាណ ១៣.៩លាននាក់ កើនឡើង១៩៩% ធៀបនឹងឆ្នាំ២០២១។

លោក បានបន្តទៀតថា សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់បានមកទស្សនាកម្ពុជា ក្នុងអត្រាកំណើន៥៣០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងភ្ញៀវទេសចរជាតិប្រមាណ១០លាននាក់ កើនឡើង៧៦.៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

«ពេញមួយឆ្នាំ២០២៣នេះ យើងរំពឹងថានឹងទទួលទេសចរអន្តរជាតិប្រមាណ ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវ»។ បើតាមការបន្ថែមរបស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។

លោក ថោង ខុន ក៏បានលើកឡើងថា ដើម្បីធានាចីរភាពនៃការស្តារ និងគាំទ្រវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយសំខាន់ៗ រួមមាន៖ ១-ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩, ២-ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និង៣-ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥។

លោក ក៏បានលើកឡើងបន្ថែមថា ផ្តើមចេញពីឯកសារផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវឯកសារដ៏មានសារៈសំខាន់៣ទៀត រួមមាន៖ ១-វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣, ២-ផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និង៣-វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣។

លោក រដ្ឋមន្ត្រីក៏បានបង្ហាញសុទិដ្ឋិនិយមថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ក៏ជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យម និងវែងផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)