Register Already an agent ? Login

វិនិយោគិនបារាំង ១៥ក្រុមហ៊ុន ស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បាននាំប្រតិភូអ្នកវិនិយោគនៃប្រទេសបារាំងចំនួន ១៥ក្រុមហ៊ុន មកជួបសម្ដែងការគួរសម និងពិភាក្សាជាមួយ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ដើម្បីសិក្សាអំពីសក្ដានុពលសំខាន់ៗនិង ស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

លោក Jacques Pellet បានបញ្ជាក់ថា គោលបំណងចម្បងរបស់ប្រតិភូនៃប្រទេសបារាំង គឺដើម្បីឱ្យក្រុមអ្នកវិនិយោគមកពីប្រទេសបារាំងស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ក្នុងការផ្ដល់ជាធាតុចូលនៃចំណេះដឹងក្នុងការរកឱកាសវិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង មិនថាវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ឬវិស័យដឹកជញ្ជូនឡើយ ។

លោក បានបន្តថា ខេត្តបាត់ដំបងជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅតំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ។

លោក សុខ លូ បានមានប្រសាសន៍ស្វាគមន៍ដល់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏ដូចជាប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសបារាំង ដែលបានអញ្ជើញមកទស្សនកិច្ចនៅលើទឹកដីខេត្តបាត់ដំបង និងសិក្សាអំពីសក្ដានុពលក្នុងខេត្តបាត់ដំបង ដើម្បីសិក្សាអំពីឱកាសវិនិយោគនៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ។

ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្ម ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានការធ្លាក់ថ្លៃផងដែរ។ បើតាមការបញ្ជាក់របស់ លោក សុខ​ លូ។

លោក បានបន្តថា ក្នុងនោះផងដែរ ដំណាំម្រេច និងដំណាំទុរ៉េន ក៏មិនខុសពីដំណាំនៅខេត្តកំពតដែរ ពោលគឺមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយ ដែលជាដំណាំកំពុងមានសក្ដានុពលនៅក្នុងទឹកដីខេត្តបាត់ដំបងផងដែរ។ 

លោក បានលើកឡើងបន្តថា ដោយសារខេត្តបាត់ដំបងជាខេត្តដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ ខេត្តបាត់ដំបងជាគោលដៅទេសចរណ៍ដ៏សំខាន់ដែលមិនអាចបំភ្លេចបាន ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ាន ហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យតែម្ដង មានផ្លូវរថភ្លើង។

ដោយឡែកនៅពេលអនាគត រដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបងផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបង ចេញរូបរាងមកមែន នោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាកមកកំសាន្ដខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបងក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ មិនអាចរំលងបានផងដែរ។ បើតាមការលើកឡើងបន្តទៀតរបស់ លោក សុខ លូ៕