Register Already an agent ? Login

ខេត្តតាកែវ របស់កម្ពុជា និងក្រុងវីហ្វាង របស់ចិន បានបង្កើតទំនាក់ទំនងមេត្រីភាពរវាងគ្នា

ភ្នំពេញ៖ ខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវីហ្វាង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនងមេត្រីភាពរវាងគ្នា ភាគីទាំងពីរឈរលើគោលការណ៍ស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមកក្នុងការធ្វើកិច្ចសហប្រតិបត្តិការចម្រុះច្រើនរូបភាពលើគ្រប់វិស័យ។ បើតាមរដ្ឋបាលខេត្តតាកែវ។

លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានចុះហត្ថលេខាផ្ដួចផ្ដើមស្ដីពីការបង្កើតទំនាក់ទំនងមេត្រីភាពរវាងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវីហ្វាង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំធ្វើឡើង នៅសាលាប្រជុំរដ្ឋបាលខេត្តតាកែវ។

ការចុះហត្ថលេខានេះ មានការចូលរួមដោយ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងលិខិតដែលបានចុះហត្ថលេខាដោយ លោក អ៊ូច ភា អភិបាលខេត្តតាកែវ គឺមាន ៤ចំណុច សំខាន់ៗរួមមាន៖

ទី-ភាគីទាំងពីរឈរលើគោលការណ៍ស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមកក្នុងការធ្វើកិច្ចសហប្រតិបត្តិការចម្រុះច្រើនរូបភាពលើគ្រប់វិស័យ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្ត វប្បធម៌ ទេចរណ៍ អប់រំ កីឡា សុខាភិបាល និងការផ្លាស់ប្ដូរធនធានមនុស្ស ដើម្បីលើកម្ពស់នូវវិបុលភាព និងការអភិវឌ្ឍន៍រួម។

២-ចរន្តទំនាក់ទំនងរវាងអង្គភាពពាក់ព័ន្ធ និងថ្នាក់ដឹកនាំនៃភាគីទាំងពីរ នឹងកើតឡើងជាប្រចាំតាមរយៈការពិភាក្សាផ្លាស់ប្ដូរនូវកិច្ចសហប្រតិបត្តិការ និងបញ្ហាដែលជាកង្វល់រួម។

៣-ភាគីទាំងពីរត្រូវបន្តខិតខំធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ហើយសង្ឃឹមថា នឹងឈានដល់គ្រប់លក្ខខណ្ឌបង្កើតសម្ព័ន្ធមេត្រីភាពរវាងខេត្ត-ក្រុងទាំងពីរ។

៤-លិខិតផ្ដួចផ្ដើមនេះត្រូវបានចុះហត្ថលេខានាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ដោយធ្វើឡើងជាបីភាសា ខ្មែរ ចិន និងអង់គ្លេស ដែលមានតម្លៃស្មើៗគ្នាចំពោះមុខច្បាប់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)