Register Already an agent ? Login

ចិន ជាទីផ្សារចម្បងគ្របដណ្តប់ជាង៤២% កម្ពុជានាំចេញអង្ករ ខណៈទ្វីបអឺរ៉ុបគ្របដណ្តប់ជាង៣៧% អស៊ាជិត៨% និងទីផ្សារផ្សេងៗជិត១១%

ភ្នំពេញ៖ ប្រទេសចិន គឺនៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបរបស់កម្ពុជាចំនួន ៤២,៤៣% ខណៈ ទ្វីបអឺរ៉ុបចំនួន២៥ប្រទេស គ្របដណ្តប់ចំនួន ៣៧.៩៣% ប្រទេសអាស៊ានចំនួន៤ ៧.៨៦% ក្រៅពីនេះទីផ្សារផ្សេងៗ ១០.៧៨%។ បើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ៥ខែឆ្នាំ២០២៣ ការនាំចេញស្រូវនិងអង្ករ មានទឹកប្រាក់ ៧៣៦.៩០លានដុល្លារ។

ប្រទេសចិន គឺនៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបរបស់កម្ពុជា ចំនួន ៤២,៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧.៤២លានដុល្លារ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស គ្របដណ្តប់ចំនួន ៣៧.៩៣% គិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩លានដុល្លារ ប្រទេសអាស៊ានចំនួន៤ ដែលស្មើនឹង ៧.៨៦% ដែលក្នុងនោះប្រទេសហ្វីលីពីន ជាទីផ្សារទើបនាំចេញក្នុងបរិមាណធំលើកទី១ ចំនួន ២,៥៧៥តោន ក្រៅពីនេះទីផ្សារផ្សេងៗ ចំនួន២០ គោលដៅស្មើនឹង១០.៧៨%។

របាយការណ៍នាំចេញ ស្រូវនិងអង្ករ សម្រាប់រយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញអង្ករចំនួន ២៧៨ ១៨៤ តោន និងស្រូវចំនួន ២ ១៤២ ៤៨៣តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) គិតជាទឹកប្រាក់សរុបមានចំនួន ៧៣៦.៩០លានដុល្លារ។  

ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៣ អង្ករកម្ពុជា បាននាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៤៩ បានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤តោន ដែលគិតជាទឹកប្រាក់ចំនួន ១៩១.៦៤លានដុល្លារ និងស្រូវចំនួន ២ ១៤២ ៤៨៣តោន (ប្រមាណជា ១.៣៧លានតោនអង្ករ) ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦លានដុល្លារ។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩% អង្ករស ចំនួន ១០,៨៧% អង្ករចំហុយ ៣.៧១% និងអង្ករសរីរាង្គចំនួន ១.៩៣%។

គូសបញ្ជាក់ថារបាយការណ៍ខាងលើរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានដកស្រង់ពី អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានសេវាកម្ម នៃក្រសួងពាណិជ្ជកម្ម៕

ដោយ៖ ​មឿន ឌីណា (Moeun Dyna)