Register Already an agent ? Login

រដ្ឋប្រកាស លើកលែងពន្ធលើអចនលនទ្រព្យ នៅក្រុងឧដុង្គម៉ែជ័យ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន និងក្រុងបូកគោ

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ការលើកលែងពន្ធលើអចនលនទ្រព្យ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និង ក្រុងបូកគោ នៃខេត្តកំពត នាដំណាចឆ្នាំ២០២៣នេះ។

នៅក្នុងសេចក្ដីប្រកាសលេខ៣២៨ សហវ.ប្រក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុន្នីរ័ត្ន សម្រេច ប្រការ១ ត្រូវបានលើកលែងពន្ធ លើអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យ ដែលស្ថិតនៅក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្ដកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្ដកណ្ដាល និងក្រុងបូកគោ នៃខេត្ដកំពត។

ម្ចាស់អចលនទ្រព្យទាំងអស់ ដែលស្ថិតក្នុងក្រុងដូចមានកំណត់ក្នុងប្រការ១ នៃប្រកាសនេះ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ នៅសាខាពន្ធដារខេត្ត ដែលអចលនទ្រព្យស្ថិតនៅ ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ។ ប៉ុន្តែពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣។ បើតាមការបញ្ជាក់នក្នុងប្រការ២។

បើតាមប្រការ៣ វាក្យខណ្ឌទី១ បានបញ្ជាក់ថា ក្នុងករណីអចលនទ្រព្យ ស្ថិតក្នុងក្រុងដូចមានកំណត់ក្នុងប្រការ១ នៃប្រកាសនេះ បានបង់ពន្ធលើអចលនទ្រព្យរួចហើយ ចំនួនប្រាក់ពន្ធដែលបានបង់រួចនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើជាឥណទានយោង សម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំបន្តបន្ទាប់។

ម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យ ដែលបានបង់រួច នៅសាខាពន្ធដារខេត្តដែលអចលន-ទ្រព្យស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធ លើអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់។ បើតាមប្រការ៣ វាក្យខណ្ឌទី២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)