Register Already an agent ? Login

លោក គង់ សោភ័ណ្ឌ បើកការដ្ឋានជួសជុលផ្លូវចាក់បេតុងប្រវែង​ ១ពាន់ម៉ែត្រ នៅស្រុកស្អាង ខេត្តកណ្ដាល

កណ្ដាល៖ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ១០០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

លោក គង់ សោភ័ណ្ឌ បានសំណូមពរដល់ប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យ ក្នុងកំឡុងពេលសាងសង់ ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារសាងសង់ ឱ្យរួចរាល់តាមការគ្រោងទុក។

លោក បានបន្តថា ទន្ទឹមនឹងនោះក្រុមហ៊ុន ដែលទទួលបានការសាងសង់ ត្រូវសាងសង់តាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យផ្លូវប្រើប្រាស់បានយូរអង្វែង។

អភិបាលខេត្ត ស្នើដល់ អាជ្ញាធរស្រុកស្អាងត្រូវខិតខំយកចិត្តទុកដាក់បង្ក្រាបឱ្យបានគ្រប់បទល្មើសនានា និងរាល់ល្បែងស៊ីសងទាំងអស់ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវជៀសឱ្យបានកុំពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ។

អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យភូមិ-ឃុំរបស់យើងគ្មានបទល្មើសកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

លោក គង់ សោភ័ណ្ឌ បានថា បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ រួមមាន៖ ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិង គ្មានក្មេងទំនើង។ ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និង រាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)