Register Already an agent ? Login

ផ្លូវខេត្ត២ខ្សែក្នុងខេត្តព្រៃវេងនិងកណ្ដាលប្រវែងសរុបជិត៥០គ.ម ក្រោមកម្ចីពី ADB នឹងបើកការដ្ឋានៅថ្ងៃទី៩ និងទី១៥ខែមិនថុនានេះ

ភ្នំពេញ៖ ផ្លូវខេត្តព្រៃវែងលេខ៣១២ មានប្រវែងសរុប ២៨,៣៧២គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រះស្ដេច គ្រោងបើការដ្ឋាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់មកនៅថ្ងៃទី១៥ខែឆ្នាំដដែល ផ្លូវជាតិលេខ២៣ ក្នុងខេត្តកណ្ដាល មានប្រវែងសរុប ១៩,៨៣៣គីឡូម៉ែត្រ នៅស្រុកកោះធំនិងលើកដែក ក៏នឹងបើកការដ្ឋានផងដែរ។

 លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ បានដឹកនាំ សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការ និងភាគីពាក់ព័ន្ធ ពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ កំណាត់ផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងខេត្តព្រៃវែង និងផ្លូវជាតិលេខ២៣ ស្ថិតក្នុងខេត្តកណ្តាល កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំនេះ ប្រធានគណៈកម្មការ ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យសមាជិក សមាជិកា នៃគណៈកម្មការត្រៀមរៀបចំពិធី សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានទាំងពីរ ប្រព្រឹត្តទៅបានដោយរលូន តាមផែនការដែលបានគ្រោងទុក។

បើតាមកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ ត្រៀមរៀបចំពិធីបើកការដ្ឋានទាំងពីរទីតាំង សំដៅធ្វើឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាពការងារខ្ពស់តាមបំណែងចែក។

គូសបញ្ជាក់ថា កំណាត់ផ្លូវខេត្ដលេខ៣១២ (សំរោង-កគោ ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែងសរុប ២៨,៣៧២គ.ម ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ដោយឡែក ផ្លូវជាតិលេខ២៣ មានប្រវែងសរុប ១៩,៨៣៣គ.ម ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)