Register Already an agent ? Login

ជាងពីរទសវត្សរ៍ កម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុត ជាមួយនឹងអត្រាកំណើនជាមធ្យមលើស៧%ក្នុង១ឆ្នាំ

ភ្នំពេញ៖ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុត ជាមួយនឹងអត្រាកំណើនជាមធ្យមលើស៧%ក្នុងមួយឆ្នាំ។ សមិទ្ធផលនេះបានផ្លាស់ប្តូរកម្ពុជាពីប្រទេសដែល មានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ ហើយក៏បាននាំឱ្យ កម្ពុជាខិតកាន់តែជិតទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុង ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ 

សារលិខិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ បានបញ្ជាក់ថា កំណើនដ៏លឿននេះគឺជាការរួមចំណែក ពីវឌ្ឍនភាពនៃគ្រប់វិស័យទាំងអស់។ 

ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលបាននាំមកនូវកាលានុវត្តភាពការងារ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងបានលើកកម្ពស់គុណភាពជីវិត ការងារ បង្កើនទំនាក់ទំនង និង កិច្ចសហការល្អជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោកថែមទៀតផង។

ប៉ុន្តែទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនេះ ក៏មានលេចឡើងនូវបញ្ហាប្រឈមជាច្រើន ដូចជា ការចាប់ជំរិត ការជួញដូរខុសច្បាប់ ការកេងប្រវ័ញ្ច ការរំលោភបំពាន និងឧក្រិដ្ឋកម្មផ្សេងៗទៀត ជាពិសេស តាមប្រព័ន្ធអនឡាញដែលបានកើតមានឡើងនិងបានក្លាយជាបរិបទថ្មីមួយ ដែលអាចមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់ស្រ្តីនិងកុមារ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ហើយបញ្ហានេះបាននិងកំពុងរីករាលដាលនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

ដោយមើលឃើញអំពីបញ្ហាប្រឈមនិងផលប៉ះពាល់ជាអវិជ្ជមានទាំងអស់នេះ ក្នុងបរិបទជាសាកល រាជរដ្ឋាភិបាលកម្ពុជាបានចូលជាភាគីហត្ថលេខីនៃសេចក្តីថ្លែងការណ៍វីប្រូធិក(WePROTECT) នៅទីក្រុងអាប៊ុយដាប៊ីនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមក្នុងឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការកេងប្រវ័ញ្ចនិង ការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ និងបានចូលរួមអនុម័តលើសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យរដ្ឋ ជាសមាជិកអាស៊ានទាំងអស់ប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ ដើម្បីការពារកុមារទាំងអស់នៅក្នុងអាស៊ានពី ការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបាត់អំពើហិង្សាលើកុមារ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យនានាចំពោះកុ មារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ និង បានរៀបចំផែនការអនុវត្តជាពីរដំណាក់កាល ដែលបច្ចុប្បន្នយើងកំពុងអនុវត្តផែនការដំណាក់កាលទី១ ស្តីពី ប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៥។ ទន្ទឹមនេះ នៅក្នុងឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសិក្សាវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ 

ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុវត្ថិភាព របស់កុមារនៅលើប្រព័ន្ធអនឡាញនៅក្នុងក្របខ័ណ្ឌស្ដីពីសិទ្ធិកុមារ។ ទន្ទឹមនេះ ដើម្បីឆ្លើយតបទៅនឹងដំណើរការ នៃបដិវត្តន៍ឧស្សហកម្មជំនាន់ទី៤ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្សារភ្ជាប់វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចជាមួយវិស័យបច្ចេកវិទ្យាឌីជីថលថ្មីៗ។

រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដែលមានសសរស្ដម្ភចំនួន៣ គឺ៖ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថលផងដែរ។ ក្នុងជំហានដំបូង រាជរដ្ឋាភិបាលបានផ្តើម កសាងរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញការចាប់យកការប្រើប្រាស់និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេដ្ឋកិច្ច និងសង្គមទាំងមូល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌអក្ខរកម្មឌីជីថលនិងភាពជាពលរដ្ឋឌីជីថលដែលផ្តោតជាសំខាន់លើជំនាញនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព។ ក្របខ័ណ្ឌអក្ខរកម្មឌីជីថលនេះ គឺជាមូលដ្ឋានសំខាន់មួយក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលនានាស្របទៅតាមបរិបទ សង្គមនិងសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះដែរ ផ្អែកលើគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីកិច្ចការពារកុមារ តាមប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាន និងកំពុងរៀបចំគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារនៅកម្ពុជាតាមប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលផងដែរ។

ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ "យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាដើម្បី បញ្ចប់ពលកម្មកុមារ" បង្ហាញអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារកុមារពីគ្រប់ទម្រង់នៃ ការកេងប្រវ័ញ្ចពលកម្មកុមារ ព្រមទាំងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យរួមគ្នាទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ស្របតាមផែនការសកម្មភាពជាតិស្ដីពីការកាត់បន្ថយពលកម្មកុមារនិងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ២០១៦-២០២៥ និងគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចីរភាព២០១៥-២០៣០។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងវិស័យសុខាភិបាល តាមរយៈ ការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា ទារក និង កុមារ។ ក្នុងនោះ អត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក មានការថយចុះ គួរឱ្យកត់សម្គាល់ ដែលនេះជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយ ចីរភាពឆ្នាំ២០៣០។ នៅក្នុងឆ្នាំ២០២២ កុមារប្រមាណ៩៤%នៃកុមារទាំងអស់ដែលមានអាយុ០-៤ឆ្នាំ មានសំបុត្រកំណើត។ 

ភាគរយនេះ គឺមានកម្រិតខ្ពស់បំផុតនៅរាជធានីភ្នំពេញប្រមាណជិត៩៤% នៅទីប្រជុំជន ផ្សេងៗមានជិត៩៧%និងនៅតំបន់ជនបទមានជិត៩៣%។ ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើន ការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ រួមទាំង វិធានការលើកកម្ពស់គុណភាព និងការឆ្លើយតបរបស់សេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់ លំដាប់ថ្នាក់។ 

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់បញ្ចូលនូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍ ទៅក្នុងកម្មវិធីសិក្សានិងប្រព័ន្ធអប់រំ ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់និងស្របទៅតាមបរិបទថ្មីន សាកលភាវូបនីយកម្ម។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិគាំពារ សង្គមនិងកំពុងជំរុញការអនុវត្តគោលនយោបាយនេះដល់ជនជាតិដើមភាគតិច ដើម្បីលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)