Register Already an agent ? Login

ទីលានទុកដាក់សំរាមថ្មី​ នៅខេត្តកំពត និងកែប មានតម្លៃជាង ១៣លានដុល្លារ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់-ទទួលទីលានទុកដាក់សំរាមក្នុងខេត្តកំពត និងខេត្តកែប ជូនទៅដល់អាជ្ញាធរនៃខេត្តទាំងពីរទទួលគ្រប់គ្រង និងអនុវត្តការងារបន្ត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ទីលានទុកដាក់សំរាមក្នុងខេត្តកំពត ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គ ជំហានទី២ អនុវត្តការងារសាងសង់ដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ដោយមានក្រុមហ៊ុន NJS សហការជាមួយ CEST និង ក្រុមហ៊ុន Key Consultant (Cambodia)ជាទីប្រឹក្សាបច្ចេកទេស ដោយចំណាយថវិកាអស់ ៣ ៣៧២ ៥១៤ដុល្លារ ដែលជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

ទីលានទុកដាក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដី ៨,៧៧ ហិកតា នៃផ្ទៃដីសរុបទំហំ ១០,៣៣៨ ហិកតា ស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ដែលមានសមត្ថភាពប្រតិបត្តិការក្នុងរយៈពេល ២០ឆ្នាំ សម្រាប់ប្រជាជនក្នុងខេត្តកំពតទាំងមូលប្រមាណជា ៥២ ៣៣៧ នាក់។

កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្តៅ ដែលមានទំហំមាត់រណ្តៅប៉ុនគ្នា (៨០ម x ១៧០ម) ជម្រៅ ៣ម៉ែត្រ ត្រូវជា ១,៣៦ហិកតា។ តាមផែនការរណ្តៅទាំងពីរនេះ នឹងត្រូវបំពេញសំរាមរហូតដល់ ១០ម៉ែត្រ (គិតចាប់ពីមាត់រណ្តៅ) ដែលអាចផ្ទុកបានបរិមាណសំរាមបានប្រមាណ ៣៤៨ ៤០០ម៉ែត្រគូប។

ដោយឡែកទីលានទុកដាក់សំរាមក្នុងខេត្តកែប ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ អនុវត្តការងារសាងសង់ដោយ ក្រុមហ៊ុន អឹម ធី អេ ខនស្ត្រាក់សិន ខូអិលធីឌី ដោយមានក្រុមហ៊ុន Renardet S.A សហការជាមួយក្រុមហ៊ុន SBK Research and Development Co.,Ltd. ជាទីប្រឹក្សាបច្ចេកទេស ដោយចំណាយថវិកាអស់ ១០ ៧៦៩ ៥៣២ដុល្លារ ដែលជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

ទីលានទុកដាក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុបទំហំ ១៤ហិកតា ស្ថិតនៅក្នុងភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប ខេត្តកែប មានចំនួន ០៤រណ្ដៅ មានលទ្ធភាពផ្ទុកសំរាមបានប្រមាណ ៦០០ ០០០ម៉ែត្រគូប និងមានសមត្ថភាពប្រតិបត្តិការក្នុងរយៈពេល ២០ឆ្នាំ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងក្រុងកែប និងរួមបញ្ចូលស្ទើរតែទាំងអស់ នៃសេវាកម្មនានាក្នុងវិស័យទេសចរណ៍ រួមមាន ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងផ្សារជាដើម។

ការណ៍ដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់បងប្អូននៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ។ ជាពិសេស គឺកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន ព្រមទាំងធ្វើឱ្យទីក្រុងទេសចរណ៍ទាងពីរនេះ មានភាពស្រស់បំព្រងប្រកបដោយបរិយាប័ន្នផងដែរ។

ក្នុងពិធីប្រគល់-ទទួលនេះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។

ទន្ទឹមនឹងសមិទ្ធផលថ្មី ទីលានទុកដាក់សំរាមទាំងពីរកន្លែង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនេះ លោក ទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលធំៗនានា ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាល បានអនុវត្ត កំពុងអនុវត្ត និងគ្រោងអនុវត្ត។

លោក ស៊ុន ចាន់ថុល បានរំលេចជាពិសេសពី គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៧ មិថុនាខាងមុខ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលគ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់កំពង់ផែពហុបំណងកំពត (វិនិយោគពីវិស័យឯកជន) និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលទើបបានអនុម័តលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅថ្មីៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)