Register Already an agent ? Login

កម្ពុជា ទទួលភ្ញៀវបរទេសជាង ១,២លាននាក់ កើនជាង ៧០០% ត្រីមាសទី១ឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២

ភ្នំពេញ៖ ចាប់ពី​ខែមករា ដល់​ខែ​មីនា ឆ្នាំ២០២៣ ប្រទេស​កម្ពុជា​ ទទួលបាន​ភ្ញៀវ​បរទេស​សរុប ១,២៩១,៥៣៩នាក់ កើនឡើង ៧០៩,៥% ​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ដែលមាន​ចំនួន ១៥៩,៥៤៦នាក់​។ បើតាមរបាយការណ៍​ស្ថិតិ​ភ្ញៀវ​ទេស​ចរ​ប្រចាំ​ខែមីនា ឆ្នាំ​២០២៣ បានឱ្យដឹងថា ចំនួន​ភ្ញៀវ​បរទេស​មក​តាមផ្លូវ​អាកាស​ស្មើ ៣៧,៣% ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប ខណៈ​ភ្ញៀវ​តាមផ្លូវ​គោក​ចំនួន ៦១,៣៥% និង​ភ្ញៀវ​តាមផ្លូវ​ទឹក ១,៣៥%​។

ភ្ញៀវ​បរទេស​មក​កម្ពុជា​តាម​ផ្លូវអាកាស ក្នុង​ត្រីមាស​ទី១ ឆ្នាំ​២០២៣ មាន​ចំនួន​សរុប​ ៤៨១,៥៨២​នាក់ កើនឡើង ៤៥៣,៧% ​ពី​ចំនួន ៨៦,៩៧៦​នាក់ ​កាលពី​ត្រីមាស​ទី​១ ឆ្នាំ២០២២​។ ក្នុង​ចំនួន​ខាងលើ គឺ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចំនួន ៣៣៩,២៩១​ នាក់​(​ស្មើ ៧០,៤៥% ​ភ្ញៀវ​សរុប​តាមផ្លូវ​អាកាស​) កើនឡើង​ ៣៥៣,៥%​, ព្រ​​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ១៣៨,០៤៦នាក់​ (២៨,៦៦%​) កើន ១ ២៣០,៤%​, និង​តាម​ព្រ​លាន​យន្តហោះ​កងកេង ​(​ព្រះសីហនុ​) ៤,២៤៥​នាក់ ​(០,៨៨%​) កើន​ឡើង ១៣៨,៥%​។​

ទោះបី​ក្ដីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ លើ​ពិភពលោក​ថមថយ​ច្រើន​ធៀប​នឹង​អំឡុង​ឆ្នាំ​២០២០-២០២២ ក៏​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​នៅ​មិនទាន់មាន​ច្រើន​ទេ មកដល់ពេលនេះ​។ សូម្បីតែ​ទេសចរ​ជនជាតិ​ចិន​ដែល​មុនពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ដំណើរ​មក​កម្ពុ​ជា​ចំនួន​ច្រើន ក៏​ពេលនេះ​នៅតែ​ស្ថិតក្នុង​កម្រិត​ទាប​ដដែល​។​ បើតាមការលើកឡើរបស់ លោក ធៀ​ម ធឿ ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរ​ណ៍​ភាសា​ចិន​កម្ពុជា ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។

បច្ចុប្បន្ន​មគ្គុទេសក៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប​មានការ​​ងារ​ធ្វើ​ច្រើនជាង​មុន ​(​អំឡុង​ឆ្នាំ​ ២០២០-២០២២) ប៉ុន្តែ​បើ​ធៀប​នឹង​មុន​កូ​វីដ គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​។ បើតាមការបន្តរបស់ លោក ធៀ​ម ធឿ បានបន្តទៀតថា ​មិនដឹងថា ពេលណា​ទើប​មាន​ភ្ញៀវ​ឡើងវិញ​ទេ​​។​ សម្រាប់​មគ្គុទេសក៍​ទេសចរណ៍ ដែល​បាន​ទៅ​ចាប់​យកមុខ​របរ​ផ្សេងៗ​កាលពី ២-៣​ ឆ្នាំមុន ក៏មាន​មួយចំនួន​បាន​ត្រៀមខ្លួន និង​ចូលមក​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍​វិញ​ហើយ​។​

សូមរម្លឹកថា កាលពី​ឆ្នាំ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរ​ជាតិ ២,២៨លាន​នាក់ កើន ១ ០៥៩%​ ធៀប​នឹង​ឆ្នាំ​ ២០២១ ក្នុងនោះ គឺ​ភ្ញៀវ​តាមផ្លូវ​អាកា​សមាន​ចំនួន ៧៩១,៦០៣​នាក់ ស្មើនឹង ៣៤,៨% ​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​សរុប​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)