Register Already an agent ? Login

ចុងខែឧសភានេះ គម្រោង៣លើវិស័យកាត់ដេរត្រូវបានអនុម័តទុនវិនិយោគជាង ១៥លានដុល្លារ នៅភ្នំពេញ កណ្ដាល កំពង់ស្ពឺ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងចំនួន៣ តាមការស្នើសុំរបស់ក្រុមហ៊ុន វិនិយោគកាត់ដេរសម្លៀកបំពាក់ ដែលមានទុនវិយោគ ១៥.៧លាដុល្លារ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ។

ក្រុមហ៊ុនទាំង៣ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគលើវិស័យកាត់ដេរ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖

១-ក្រុមហ៊ុន BOLITO GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៣៣៦កន្លែង។

២-ក្រុមហ៊ុន XIN LI AN SHOES CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។

៣- ក្រុមហ៊ុន NEW HM KNITTING CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារក និងអាចបង្កើតការងារបានចំនួន ១,៤៣១កន្លែង។

គួរបញ្ជាក់ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បានអនុម័តគម្រោងវិនិយោគផ្ទាល់ពីរបរទេសចំនួន ៦៥គម្រោង មានទុនវិនិយោគសរុប ៥៨៨លានដុល្លារ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៣។​ ទុនវិនិយោគផ្ទាល់ពីប្រទេសចិន មានច្រើនជាងគេ គឺរហូតដល់ ៧៣,៥ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា​​។

ការវិនិយោគ​ផ្ទា​ល់ពី​ប្រទេស​ចិន​មាន​ទំហំ​ធំជាងគេ និង​តែងតែ​ឈរ​នៅ​លំដាប់​ទី​១ នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ស្ទើរ​គ្រប់​ឆ្នាំ​។​ បើតាមការលើកឡើងរបស់ លោក ជា វុទ្ធី អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិកា​រវិ​និ​យោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងកម្មវិធី «Cambodia-China Business Leaders Summit»។

តួលេខ​នេះ​បង្ហាញ​ច្បាស់​ថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ពិសេស​ពី​ប្រទេស​ចិន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា។​ បើតាមការលើកឡើងបន្តរបស់ លោក ជា វុទ្ធី បានបន្ថែមថា លំហូរវិនិយោគផ្ទាល់ពីប្រទេសចិន បានបង្ហាញពីទំនុកចិត្តខ្លាំងរបស់វិនិយោគិនចិនមកលើកម្ពុជា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ និងបរិយាកាសវិនិយោគនៅកម្ពុជាដែលមានលក្ខណៈកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។

សូមរម្លឹកថា កាលពីឆ្នាំ​២០២២ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប ១៨៦​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៤​ពាន់​លាន​ដុល្លារ ក្នុងនោះ​ទុន​វិ​និ​យោគ​ផ្ទាល់​មកពី​ប្រទេស​ចិន​មានប្រមាណ ៩០,៥% ​នៃ​កា​រវិ​និ​យោគ​ផ្ទា​ល់ពី​បរទេស​នៅ​កម្ពុជា​៕

ដោយ៖ មឿន ឌីណា (Meoun Dyna)