Register Already an agent ? Login

គម្រោងវិនិយោគថ្មីចំនួន៣ ទឹកប្រាក់ជិត ៣០លានដុល្លារ នៅខេត្តព្រះសីហនុរងចាំការអនុម័ត

ព្រះសីហនុ៖ គម្រោងវិនិយោគថ្មីចំនួន៣ មានទឹកប្រាក់ប្រមាណ ២៨.៦លានដុល្លារ វិនិយោគលើ កែច្នៃឈើដាំ កែច្នៃម្ហូបអាហារ ផ្សារទំនើប នៅខេត្តព្រះសីហនុ កំពុងរងចាំការអនុម័តពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំកិច្ចប្រជុំ «ច្រកចេញចូលតែមួយ» កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងវាយតំលៃ​លក្ខណៈសម្បត្តិគម្រោងវិនិយោគទាំង៣។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះលោកអភិបាលរង បានផ្តល់ការគាំទ្រដល់គម្រោងវិនិយោគទាំង៣ ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ រួមមាន៖ ១. ក្រុមហ៊ុន កែច្នៃឈើដាំ (អាកាស្យា​ និងប្រេងខ្យល់) ទុនវិនិយោគសរុប ៨.៥លានដុល្លារ, ២. ក្រុមហ៊ុន កែច្នៃម្ហូបអាហារ ទុនវិនិយោគសរុប ៦.១លានដុល្លារ, ៣. ផ្សារទំនើប ដែលទំហំសរុប៤២.០០០ ម៉ែត្រការ៉េ ទុនវិនិយោគសរុប ១៤លានដុល្លារ។

បើតាមកិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតំលៃ​លក្ខណៈសម្បត្តិគម្រោងវិនិយោគ​ដែលបាន​ចុះ​ពិនិត្យជាក់ស្តែងដោយផ្ទាល់ដោយគណៈកម្មការអន្តរក្រសួង។

នៅក្នុងកិច្ចប្រជុំ លោក សុខ ចិន្តាសោភា ឯកភាពតាមមតិលោកអភិបាលរង និងបានសំណូមពរឱ្យរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបន្តធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យដាំដើមអាកាស្យា​ និងដើមប្រេងខ្យល់ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ក្រុមហ៊ុន និងចូលរួមកាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងពិនិត្យបន្ថែមទៅលើការសាងសង់ ដំណើរការអាងប្រព្រឹត្តិកម្មកាកសំណល់រាវ និងការគ្រប់គ្រងសំណល់រឹងជៀសវាងឱ្យខានតែបាននូវការប៉ះពាល់ដល់បរិស្ថាននៅជុំវិញគម្រោង។

គូសបញ្ជាក់ថា បើតាមកិច្ចប្រជុំខាងលើ លោក សុខ ចិន្តាសោភា បានឯកភាពតាមមតិតាមការឡើងរបស់ លោកអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់យ៉ាងណាក្ដី ប៉ុន្តែគម្រោងទាំង៣ រងចាំការអនុម័តពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បានលើកឡើងនាពេលថ្មីៗនេះថា នៅក្នុងខេត្តព្រះសីហនុ មានកោះចំនួនប្រមាណ ៣០កោះ ក្នុងនោះកោះជាង២០ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យក្រុមហ៊ុនឯកជនវិយោគ។

ព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលអភិវឌ្ឍក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២​ ប្រចាំប្រទេសជាមួយ​នឹងការប្រែក្លាយខ្លួនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ និងការកម្សាន្ត ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មភស្តុភាកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)