Register Already an agent ? Login

៤ខែឆ្នាំ២០២៣ កម្ពុជារកចំណូលបានជាង ១,៣ពាន់លាដុល្លារ ពីការចេញ ផលិតផលសម្លៀកបំពាក់

ភ្នំពេញ៖ ពី​ខែមករាដល់​ខែមេសា​ ឆ្នាំ​២០២៣ ការនាំ​ចេញ​ជំពូក​ទំនិញ ​(HS ២​ខ្ទង់​) ដែលមាន​លេខ​កូដ​៦១ រួមមាន៖ សម្លៀក​​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ធ្វើឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់ មាន​ទឹកប្រាក់​សរុប ១,៣៩៤.៨៣​លាន​ដុល្លារ ធ្លាក់ចុះ ២៨,៥% ធៀបនឹង​ឆ្នាំ​២០២២ មាន​ចំនួន ១,៩៥០.៤១​លាន​ដុល្លារ។ នេះបើតាមតារាង​ស្ថិតិ​នាំចេញ​ទំនិញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ប្រាក់​ពី​ការនាំចេញ​ផលិតផល​លេខ​កូដ​៦១ គឺ​ស្មើនឹង ១៩,៣% ​នៃ​ចំនួន​ទឹក​ប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ៤ខែ ឆ្នាំ២០២៣ ដែលមាន ៧,២៣៤.១២លាន​ដុល្លារ​។​ បើតាមការបន្តនៅក្នុងតារាងខាងលើ បានបន្តទៀតថា សម្រាប់​ខែមេសា ឆ្នាំ២០២៣ ការ​នាំចេញ​ផលិតផល​លេខ​កូដ​៦១ គឺ​ចំនួន ៣៤៧,៦៩​លាន​ដុល្លារ ធ្លាក់ចុះ ៣១,៨% ​ពី ៥១០,០២​លាន​ដុល្លារ​កាលពី​ខែមេសា ឆ្នាំ​២០២២​។​

ការធ្លាក់ចុះ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ធ្វើឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រ​ណាត់ គឺ​ដោយសារ​ទីផ្សារ​ចម្បង​ដែល​តែង​បញ្ជា​ទិញ​ទំនិញ​ទាំងអស់នេះ​ពី​កម្ពុជា​ជួប​បញ្ហា​បណ្តាលមកពី​ឥទ្ធិពល​នៃ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា។

ពាណិជ្ជកម្ម​អន្តរជាតិ​តែង​ផ្អែកលើ​តម្រូវការ និង​ការ​​ផ្គត់ផ្គង់ ដូច្នេះ​កម្ពុជា​ដែលជា​ប្រទេស​ផ្គត់ផ្គង់ បើ​មិនបាន​ការបញ្ជាទិញ ទឹក​​ប្រាក់​នៃ​ការនាំចេញ​ប្រាកដជា​ធ្លាក់ចុះ​។ ការធ្លាក់ចុះ​នេះ គឺ​ដោយសារតែ​ប្រជា​ជន​នៃ​ប្រទេស​ទីផ្សារ​គោលដៅ​របស់​យើង​កាត់បន្ថយ​ការចំណាយ។ បើតាមការបញ្ជាក់បស់ លោក ហុង វណ្ណៈ បានបន្ថែមថា សម្ទុះ​បញ្ជា​ទិញ​នឹង​ហក់​ឡើងវិញ​លុះត្រា​ស្ថានភាព​ន​យោ​បាយ និង​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​គោលដៅ​ចម្បងៗ​ដូចជា​អាមេរិក និង​សហភាព​អឺរ៉ុប ល្អ​ឡើងវិញ​។​

សូមរម្លឹកថា ក្នុង​ឆ្នាំ២០២២ កម្ពុជា​បាន​នាំចេញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ស្ថិតក្នុង​លេខ​កូដ​៦១ ចំនួន​សរុប ៦,៣៦៧.០២លាន​ដុល្លារ កើន ​៩,៤១% ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន ៥,៨១៩.៤៣លាន​ដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)