Register Already an agent ? Login

ជប៉ុនផ្ដល់ឥណទានសម្បទានបន្ថែមជាង ៥០លានដុល្លារ កែលម្អកំណាត់ផ្លូវជាតិលេខ៥ ព្រែកក្ដាម-ធ្លាម្អម

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ឥណទានសម្បទានចំនួន ៧,២០៥លានយ៉េន (ប្រមាណ ៥២.៦លានដុល្លារ) បន្ថែមទៀតមកដល់កម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្ដាម ខេត្ដកណ្ដាល ទៅដល់ ធ្លាម្អម ខេត្ដពោធិ៍សាត់ ដែលជាគម្រោងដំណាក់កាលទី៤។ តាមសេចក្ដីប្រកាសក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទួតជប៉ុនប្រចាំនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ឥណទានសម្បទាន និងហិរញ្ញប្បទានឥតំណង នៅថ្ងៃទី២៤ ខែឧសភា ​ឆ្នាំ២០២៣។

ហិរញ្ញប្បទានឥតសំណងចំនួន ៣៦៦លានយ៉េន (ប្រមាណ ២.៦៧លានដុល្លារ) មកកម្ពុជាសម្រាប់អនុវត្ដ «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ផងដែរ។ បើតាមការបញ្ជាក់របស់ក្រសួងការបរទេរស។

សូមរម្លឹកថា គម្រោងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៥ ដំណាក់កាលទី៤ ពីព្រែកក្ដាមមកដល់ធ្លាម្អមនេះ មានប្រវែងសរុប ១៣៥.២៥គីឡូម៉ែត្រ បានពង្រីកពី ២គន្លងទៅ ៤គន្លង គ្រោងចំណាយថវិកាប្រមាណ ២៤៦.៣៥លានដុល្លារ។ គម្រោងនេះត្រូវបានបើការដ្ឋានសាងសង់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣៕

ដោយ៖ មឿន ឌីណា (Moeun Dyna)