Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង មានទឹកប្រាក់ជិត ៣០០លានដុល្លារ ធ្លាក់ចុះជិត២០% ៤ខែឆ្នាំ២០២៣

ភ្នំពេញ៖ ចាប់ពី​ខែមករា​-​មេសា ឆ្នាំ​២០២៣ ការ​នាំចេញ និង​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប ២៣៩,១៦​លាន​ដុល្លារ ធ្លាក់ចុះ ១៩,៧​% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ២០២២ ដែលមាន ២៩៧,៩៦លាន​ដុល្លារ​។ នេះបើតាមទិន្នន័យ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

​ទំនិញ​កម្ពុជា​នាំទៅ​ទីផ្សារ​កូរ៉េ មានទឹកប្រាក់ ៩០,៦​លាន​ដុល្លារ កើនឡើង​ ១៩,៣% និង​ទំនិញ​នាំចូល​ពី​ប្រទេស​កូរ៉េ​ ១៤៨,៥៦​លាន​ដុល្លារ ធ្លាក់ចុះ ៣៣,១%​។ នើតាមការបន្តនៅក្នុងទិន្នន័យ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជារបស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់ថា ៤​ខែ ឆ្នាំ​២០២៣កន្លងមកនេះ មាន​ឱនភាព ៥៧,៩៧​លាន​ដុ​ល្លារ​។

សម្រាប់​ខែមេសា ឆ្នាំ​២០២៣ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ គឺមាន​ទឹកប្រាក់​សរុប ៥៧,៥៥​លាន​ដុល្លារ ថយចុះ ៩,៣៦ % ​បើ​ធៀបនឹង​ខែមេសា ឆ្នាំ​២០២២ ដែល​កម្ពុជា​នាំចេញ​ ១៨,០៦លាន​ដុល្លារ កើនឡើង ២៣,៨% និង​នាំចូល ៣៩,៤៩​ លាន​ដុល្លារ ធ្លាក់ចុះ ១៩,៣%​។​ បើតាមទិន្នន័យដដែល បានឱ្យដឹងថា កូរ៉េជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី១១ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក និង​វៀតណាម​។

​គូសបញ្ជាក់ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ដែល​ទើប​ចូល​ជា​ធរមាន​កាលពី​ដើមខែ​ធ្នូ ឆ្នាំ​២០២២ នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ការនាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំងពីរ ​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​។ ​តាម​​រយៈ​កិច្ចព្រមព្រៀង​ស្ដីអំពី​ការ​លុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​រវាង​កម្ពុជា​-​កូរ៉េ ក៏​នឹង​ក្លាយជា​ឧបករណ៍​ជួយ​បង្ក​បរិយាកាស​នៃ​ការវិនិយោគ​ពី​ប្រទេស​កូរ៉េ ឱ្យ​កាន់តែ​ល្អប្រសើរ និង​ទាក់​ទាញ​វិនិយោគិន​ឱ្យ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។

ជាក់ស្ដែង​ថ្មីៗ​នេះ ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េ បានមក​បណ្តាក់ទុន​វិនិយោគ​បង្កើត​រោងចក្រ​បង្គុំ​រថយន្ត​ម៉ាក​ល្បីៗ​នៅ​ប្រទេស​កម្ពុជា​។​

គួររម្លឹកថា ក្នុង​ឆ្នាំ​២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប ៧៧៨,៩២លាន​ដុល្លារ កើនឡើង ០,៦% ​បើ​ធៀបនឹង​ឆ្នាំ២០២១​ ក្នុងនោះ​ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ប្រទេស​កូរ៉េ ២៣៣,៦៣៨​លាន​ដុល្លារ កើនឡើង ២០,៤% និង​កូរ៉េ​នាំចូល​មកវិញ ​៥៤៥,២៩លាន​ដុល្លារ ធ្លាក់ចុះ ៦%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)