Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់ជាង ៥៧៣លានដុល្លារ ធ្លាក់ជិត ១០% ៤ខែ ឆ្នាំ២០២៣

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន រយៈពេល ៤​ខែ ​ឆ្នាំ​២០២៣ មាន​ទឹកប្រាក់​សរុប ៥៧៣,១​លាន​ដុល្លារ ធ្លាក់ចុះ ៩,៨% ​ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២​ មានទឹកប្រាក់ ៦៣៥,៦១​លាន​ដុល្លារ។ បើតាម​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់ថា ខណៈ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ស្ថិតនៅ​លេខ​៥ បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តទៀតថា សម្រាប់​ខែមេសា ឆ្នាំ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ មាន​ទឹកប្រាក់​សរុប ១១៦,៤៦​លាន​ដុល្លារ ​ថយចុះ ២៥,០៧% ដោយ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន ៦៣,២​លាន​ដុល្លារ ធ្លាក់ចុះ ២៤,៥% និង​ទំនិញ​នាំចូល​ពី​ជប៉ុន ៥៣,២៥លាន​ដុល្លារ ធ្លាក់ចុះ ២៥,៧%​។

គូសបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន មានតម្លៃ​សរុប ១ ៩៤៨,០១៩លាន​ដុ​ល្លារ កើនឡើង ១២,៣% ​ធៀប​ឆ្នាំ២០២១ ក្នុងនោះ​កម្ពុជា​នាំទៅ​ជប៉ុន ១ ១៧៣,០៣​លាន​ដុល្លារ កើន ៧,៣% និង​នាំចូល ៧៧៤,៩៨៩​លាន​ដុល្លារ កើន ២១%​។

បើតាម លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា ត្រូវបានភ្នំពេះប៉ុស្តិ៍ស្រង់សំដីថា មូលហេតុ​ដែលនាំឱ្យ​ចំនួន​ទឹកប្រាក់​នាំ​​ចេញ​-​នាំចូល​រវាង​ប្រទេស​ទាំងពីរធ្លាក់ចុះ គឺ​ដោយ​សារភាព​យឺតយ៉ាវ និង​មិន​ច្បាស់លាស់​នៃ​កំណើនសេដ្ឋកិច្ច​សកល​។ លោក បានបញ្ជាក់ថា បញ្ហា​ទាំងនេះ គឺ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នកប្រើប្រាស់​កាត់បន្ថយ​ការ​ចំណាយ​មិនចាំបាច់​ប៉ុណ្ណោះ​ទេ សូម្បីតែ​ក្រុមហ៊ុន​បញ្ជា​ទិញ​មួយចំនួន​ក៏​នៅសល់​ទំនិញ​ក្នុង​ស្តុក​ច្រើន​ដែរ​។

ភ្នំពេញប៉ុស្តិ៍ ក៏បានស្រង់សំដី លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាថា ប្រទេស​ជប៉ុន​គឺជា​ទីផ្សារ​ធំ​មួយ​របស់​កម្ពុជា ​បច្ចុប្បន្ន​មាន​ផលិតផល​កម្ពុជា​ជាច្រើន​កំពុង​បង្ហាញ​វត្ត​មាននៅ​ទីនោះ​។ ​ជប៉ុន​ជា​ប្រទេស​រីកចម្រើន​ដែល​ផ្តោតលើ​បច្ចេកវិទ្យា និង​ឧស្សាហកម្ម ដូច្នេះ​វា​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​នាំចេញ​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​។

ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក្នុងអំឡុង​ពេលនេះគឺជា​និន្នាការ​ទីផ្សារ​សកល​ដែល​កើត​មាននៅ​គ្រប់​ប្រទេស។ បើតាមការបន្តរបស់ លោក លឹម ហេង បានបន្តទៀតថា បច្ចុប្បន្ន​ក៏មាន​វិនិយោគិន​ជប៉ុន​មួយចំនួន​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ​។

លោក បន្ថែមថា ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន មានដូចជា​សម្លៀក​​បំពាក់ ស្បែកជើង គ្រឿង​បង្គុំ និង​កសិផល ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុ​ជាមាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​​អេឡិចត្រូនិក និង​គ្រឿងចក្រ​ក្នុង​វិស័យ​កសិកម្ម ជាដើម​។​ យ៉ាងណាក៏ដោយ ដោយសារ​ជប៉ុន​ជា​ប្រទេស​ដែលមាន​ស្តង់​ដា​រស់នៅ​ខ្ពស់ ដូច្នេះ​គ្រប់​ផលិត​ផល​ដែល​នាំទៅ​ទីផ្សារ​របស់គេ​គឺ​ទាមទារ​ឱ្យមាន​ការត្រួតពិនិត្យ​ទៅលើ​គុណភាព និង​ការ​វេច​ខ្ចប់​ឱ្យបាន​ល្អប្រសើរ​ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)