Register Already an agent ? Login

ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានទឹកប្រាក់ ១៥ពាន់លានដុល្លារ បានធ្លាក់ចុះ ១៤% ៤ខែឆ្នាំ២០២៣

ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ពី​ខែមករា​-​ខែមេសា ឆ្នាំ​២០២៣ មាន​ចំនួន​សរុប ១៥ ១៦១,០៤​លាន​ដុល្លារ ធ្លាក់ចុះ ១៤,១% ធៀបនឹង​ឆ្នាំ​២០២២​។ ​បើតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ បានបន្តថា ក្នុងចំណោម​នោះ​ គឺ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន ៧ ២៣៤,១២​លាន​ដុល្លារ ធ្លាក់ចុះ ៤,៩% និង​ការនាំ​ចូល​ពី​ក្រៅប្រទេស មាន​ចំនួន ៧ ៩២៦,៩២​លាន​ដុល្លារ ធ្លាក់ចុះ ២១,១%​។

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ក្នុង​ខែមេសា ឆ្នាំ​២០២៣ មានទឹកប្រាក់​ចំនួន ៣ ៩០៨,៩​លាន​ដុល្លារ ធ្លាក់ចុះ ១២,៨៨% ​ធៀប​ខែមេសា ឆ្នាំ២០២២ ​ការនាំចេញ​របស់​កម្ពុជា មាន​ទឹកប្រាក់ ១ ៨៤២,១១លាន​ដុល្លារ ធ្លាក់ចុះ ២,៥% និង​ទំនិញ​នាំ​​ចូលមក​វិញ ២ ០៦៦,៧៩​លាន​ដុល្លារ ធ្លាក់ចុះ ២០,៤​%​។​

វិបត្តិ​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ជួបនឹង​បញ្ហា​ជា​ច្រើន​ដូចជា ការធ្លាក់ចុះ​នៃ​តម្រូវ​ការប្រើ​​ប្រាស់ កង្វះ​វត្ថុធាតុដើម និង​ការកើនឡើង​អតិផរណា ជាដើម​។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បានបន្តថា ក្នុងដំណាក់កាល​នេះ ប្រជាជននិង​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​បាន​កាត់បន្ថយ​ការចំណាយ​។

និន្នាការ​នេះ​នឹង​អូស​បន្លាយពេល​បន្ថែមទៀត​ប្រសិនបើ​អន្តរជាតិ​មិនអាច​បិទ​​បញ្ចប់​ជម្លោះ​នានា​ឱ្យបាន​ឆាប់​។​ បើតាមការបញ្ជាក់របស់ លោក លឹម ហេង បានបន្តទៀតថា សម្រាប់​ប្រទេស​កម្ពុជា​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២២ គឺ​មិនសូវ​បង្ហាញ​សញ្ញា​វិជ្ជមាន​ឡើយ​។

បើតាម​ភ្នំពេញ​ប៉ុស្តិ៍ បានស្រង់សំដី លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុ​ជានារ​យៈ​ពេល​ប៉ុន្មាន​ខែ​មកនេះ គឺ​ដោយសារតែ​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ ពិសេស​ការបញ្ជាទិញ​ពី​ទីផ្សារ​ធំៗ​ដូចជា អាមេរិក កាណាដា និង​អឺរ៉ុប​។

ការធ្លាក់ចុះ​សកម្មភាព​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ គឺ​កើតឡើង​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក ពិសេស​បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន។ បើតាមការបញ្ជាក់របស់ លោក ហុង វណ្ណៈ បានបន្ថែមថា ​គួរឱ្យ​កត់​សម្គាល់​ក្នុងអំឡុង​ពេលដែល​ពាណិជ្ជ​​កម្ម​អន្តរជាតិ​កម្ពុជា​ធ្លាក់ចុះ​នោះ គឺ​ការ​ខិត​កាន់តែ​កៀក​គ្នា​នៃ​ចំនួន​ទឹកប្រាក់​នាំ​ចេញ និង​នាំចូល​ទំនិញ​រវាង​កម្ពុជានិង​ទីផ្សារ​អន្តរជាតិ ខណៈ​កន្លងមក​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា គឺមាន​ចំនួន​តិច​តួច​បើ​ធៀប​នឹង​ការនាំ​ចូល​ដ៏​ច្រើន​ក្នុង ​១ខែៗ​។

រម្លឹកថា កាលពីឆ្នាំ​២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ទឹកប្រាក់​សរុប ៥២ ៤២៤,៥៣៩លាន​ដុល្លារ កើន ៩,២% ​ធៀប​នឹង​ឆ្នាំ​២០២១​ ក្នុងនោះ​កម្ពុជា​នាំចេញ​ទំនិញ ២២ ៤៨២,៩៣៧លាន​ដុល្លារ កើន ១៦,៤% និង​ទំនិញ​ដែល​កម្ពុជា​នាំចូល​មាន​ចំនួន ២៩ ៩៤១,៦០២​លាន​ដុល្លារ កើន ៤,៣%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)​