Register Already an agent ? Login

កម្ពុជា និងប្រទេស៣ទៀតក្នុងតំបន់អាស៊ាននឹងត្រូវបង់ពន្ធពីការនាំចេញបន្ទះសូឡាទៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ ប្រទេសអាស៊ាន៤ប្រទេស រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម នឹងត្រូវបង់ពន្ធនៅពេលនាំចេញបន្ទះសូឡា ទៅសហរដ្ឋអាមេរិក។ កាលពី​ថ្ងៃទី​៣ ខែឧសភានេះ ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​សេចក្តីសម្រេច​ជារួម​របស់​សភា​ដោយ​ប្រើ​ច្បាប់​ត្រួតពិនិត្យ​សភា ​(CRA)​ ដើម្បី​បញ្ចៀស​នឹង​ការមិន​យកពន្ធ​លើ​ផលិតផល​សូ​ឡា​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ដោយ​ចោទ​លើ​ការ​ប្រឆាំងនឹង​ការលក់​បង្ខូច​តម្លៃ និង​ការ​គេចពន្ធ​លើ​ផលិតផល​សូ​ឡា​មកពី​ប្រទេស​ទាំង​៤ (CMTV) បន្ទាប់ពី​ការ​នាំចូល​ទាំងនេះ​ត្រូវបាន​រកឃើញ​ពី​ការ​គេចពន្ធ​លើ​ការ​នាំចូល​ដូចគ្នា​ពី​ប្រទេស​ចិន​។

យោងតាម American Action Forum (AAF) ដែល​បានចេញផ្សាយ​នៅ​ថ្ងៃទី​៤ ខែឧសភា​ ឆ្នាំ២០២៣ថា ​សភា និង​រដ្ឋបាល​អាមេរិក​បាន​យល់ព្រម​លើ​ភាពចាំបាច់​នៃ​ការអនុវត្ត​ច្បាប់ពាណិជ្ជកម្ម ប៉ុន្តែ​មិន​យល់ស្រប​លើ​ពន្ធ​នាំចូល​ពិសេស​ទាំង​នោះទេ​។ សមាជិកសភា​ជាច្រើន​បាន​ចាត់ទុកថា ការយកពន្ធ​នាំចូល​ផលិត​ផល​សូ​ឡា​ពី​បណ្តា​ប្រទេស CMTV គឺមាន​សារៈសំខាន់​ក្នុងការ​ពង្រឹង​ច្បាប់ពាណិជ្ជកម្ម និង​ដោះស្រាយ​ការរំលោភ​លើ​ការធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​។

សមា​ជិ​ក​ផ្សេងទៀត​ចាត់ទុក​ការអនុវត្ត​ពន្ធ​នាំ​ចូល​ទាំងនេះ​ជា​ឧបករណ៍​បន្ថែម​ដើម្បី​កំណត់​គោលដៅ​ឧស្សាហកម្ម​សូ​ឡា​របស់​ចិន ដែល​ត្រូវបាន​គេ​រកឃើញថា​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​។ រដ្ឋបាល​អាមេរិក​បានចាត់ទុក​ការនាំ​ចូល​ផលិតផល​សូ​ឡា​ជា​កត្តាចាំបាច់​ដើម្បី​ជំរុញ​គោលបំណង​នៃ​អាកាស​ធាតុ​របស់ខ្លួន​។​

ការយល់ដឹង​នេះ​បង្ហាញ​ពី​គោលនយោបាយ​សម្រាប់ ​សភា និង​រដ្ឋបាល​ដើម្បី​ធានា​ការអនុវត្ត​ច្បាប់ពាណិជ្ជកម្ម​ប្រកបដោយ​ប្រសិទ្ធ​ភាព​ក្នុងករណី​ផលិតផល​សូ​ឡា​ក៏​ដូច​ជា​បង្កើត​បរិយាកាស​ស​ម្រា​ប់​ទាំង​ប្រភព​ថាមពល​ធម្មតា និង​កកើត​ឡើងវិញ ដើម្បី​ប្រកួតប្រជែង និង​រីកចម្រើន​នៅ​អាមេរិក។

ការសម្រេច​នេះ​ គឺ​ប្រឆាំងនឹង​គោល​បំណង​ដែល​ធ្វើឡើង​ដោយ​ លោក បៃ​ដិ​ន កាលពី​ខែមិថុនា ឆ្នាំ​២០២២ ​លោកប្រធានាធិបតី ​បានចេញ​បទបញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​ពន្យារពេល​ការអនុវត្ត​ពន្ធ​ប្រឆាំង​ការ​បង្ខូច​តម្លៃ និង​ការ​គេចពន្ធ​លើ​ការនាំ​ចូល​ផលិតផល​សូ​ឡា​ពី​បណ្តា​ប្រទេស CMTV រយៈពេល ២​ឆ្នាំ ​ដើម្បី​លើក​កម្ពស់​ការបង្កើន​សម​ត្ថ​ភាព​ផលិត​ថា​ម​​ពល​សូ​ឡា​ក្នុងស្រុក រួមទាំង​សមត្ថភាព​របស់​អាមេរិក​ក្នុង​ការផលិត​ម៉ូឌុល និង​ធាតុ​ចូល​ផ្សេងទៀត​នៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ថាមពល​សូ​ឡា​។

ក្រសួង​ពា​ណិ​ជ្ជ​កម្ម​អាមេរិក បានចេញ​ច្បាប់​ចុង​​ក្រោយ​ដែល​រួមបញ្ចូល​បទបញ្ជា​ប្រតិបត្តិ​របស់លោក​ប្រធានាធិបតី​កាលពី​ខែកញ្ញា ឆ្នាំ​២០២២​ ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​ សកម្មភាព​របស់​សភា​អាមេរិក​នឹង​រារាំង​លំហូរ​នៃ​ការវិនិយោគ​ទៅក្នុង​ឧស្សាហ​កម្ម​ថាមពល​សូ​ឡា​នៅ​កម្ពុជា ខណៈ​វិស័យនេះ​បាន​ទាក់ទាញ​ការវិនិយោគ​ជា​​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បានបញ្ជាក់ថា ការសម្រេចចិត្ត​របស់​សភា គឺ​សំដៅ​ទៅលើ​ប្រទេស​ចិន ខណៈ​ប្រទេស​អាស៊ាន​ទាំង​៤ របស់​យើង​គឺជា​អ្នក​ផលិត​ផលិតផល​ថាមពល​សូ​ឡា​ដ៏​សំខាន់​។

សភា​អាមេរិក​ គួរតែ​ពិចារណា​ឡើងវិញ​ពី​សកម្មភាព​របស់​ពួកគេ ដោយ​អនុញ្ញាតឱ្យ​យើង​ធ្វើការ​នាំចេញ​ដោយ​លើកលែង​ពន្ធ​ដូច​អ្វីដែល​ពួកគេ​បានធ្វើ ដូច្នេះ​វា​អនុញ្ញាតឱ្យ​យើង​អាច​រីកចម្រើន​បន្ថែមទៀត​នៃ​ឧស្សាហកម្ម​សម្រាប់​រួម​ចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ជាតិ។ ​បើតាមការលើកឡើងបន្តរបស់ លោក លឹម ហេង។

ក្នុង​ឆ្នាំ​២០២១ កម្ពុជា​បាន​នាំចេញ​បន្ទះ​សូ​ឡា​ទៅ​ក្រៅប្រទេស ៥៤ ៣១៩,៨៣​តោន កើន​ជាង ២៧% ​បើ​ធៀប​នឹង​ឆ្នាំ២០២០ ដែល​ស្មើនឹង​ទឹកប្រាក់ ២៧៣,៨៧​លាន​ដុល្លារ​។ ក្នុងនោះ​ការ​​នាំទៅ​អាមេរិក ៥៣ ១៨៨,១៩​តោន កើន​ជាង ៣៣% ដោយ​គិត​ជា​ប្រាក់ ២៥៦,៨៨លាន​ដុល្លារ​។ នេះបើយោងតាម​អគ្គនាយកដ្ឋាន​គយ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ដោយ៖ មឿន ឌីណា (Moeun Dyna)