Register Already an agent ? Login

កម្ពុជា-វៀតណាម ចុះMoU ជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរក្រោយវិបត្តិកូវីដ-១៩ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ការ MoU នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំពិភាក្សារវាង លោក ថោង ខុន និងលោក ង្វៀង វ៉ាន់ហុង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិនិត្យ និងបច្ចុប្បន្នភាព MoU លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥កន្លងទៅ។

ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម នៅពេលមុន និងអំឡុងវិបត្តិជំងឺកូវីដ-១៩ នៅក្នុងក្របខណ្ឌក្រុមការងារទេសចរណ៍នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការអនុតំបន់ និងកិច្ចសហប្រតិបត្តិការអាស៊ាន។

នាឱកាសនោះ ភាគីទាំងសងខាងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់នៃជំងឺរាតត្បាតសកលនេះមកលើវិស័យទេសចរណ៍។

ក្នុងបរិយាកាសនោះ ភាគីវៀតណាមបានអបអរសាទរដល់ភាគីកម្ពុជាចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ពីថ្ងៃ០៥-១៧ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រកបដោយភាពរលូន និងភាពអស្ចារ្យ ជាពិសេសការរៀបចំភ្លើងនៅក្នុងពិធីបើក។

រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរ បានបង្ហាញការតាំងចិត្តក្នុងការបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ប្រកបដោយផ្លែផ្កា ក្រោមក្របខណ្ឌនៃកិច្ចសហការទ្វេភាគី និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ក៏ដូចជាក្របខណ្ឌតំបន់អាស៊ាន និងអនុតំបន់ផ្សេងៗទៀត។

រដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាសិក្សាពីលទ្ធភាពក្នុងបើកហោះហើរត្រង់រវាងគោលដីទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ហ្វូគុកវៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍រវាងប្រទេសទាំងពីរ។ មន្រ្តីជាន់ខ្ពស់ទាំងពីរ ក៏បានប្រគល់ភារកិច្ចជូនមន្ត្រីបច្ចេកទេស ដើម្បីរៀបចំ និងអនុវត្តកម្មវិធីការងារ ដោយផ្អែកលើ MoU ថ្មីខាងលើនេះ។

រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានផ្តល់ការគាំទ្រ និងបន្តការខិតខំប្រឹងប្រែងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាខាងលើ ដែលផ្តោតសំខាន់លើខ្លឹមសារដូចតទៅ៖

១. រួមគ្នារៀបចំបង្កើតកញ្ចប់ទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឲ្យមកទស្សនាប្រទេសទាំងពីរ ព្រមទាំងផ្ដោតសំខាន់លើការផ្លាស់ប្តូរព័ត៌មានទីផ្សារទេសចរណ៍ ការចែករំលែកនូវការអនុវត្តល្អៗ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។

២. បង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់តែខ្លាំងឡើង និងប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរដំណើរការពេញលេញឡើងវិញ តាមរយៈការរៀបចំរួមគ្នានូវដំណើរទស្សនកិច្ចស្វែងយល់ពីគ្នា បង្កើនជំនួបធុរកិច្ចរវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំង និងចូលរួមពិព័រណ៍ទេសចរណ៍នៅប្រទេសទាំងពីរ និងនៅព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិនានា ដែលអាចមានឱកាសរៀបចំបាន។

៣. ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយឈរលើសារៈសំខាន់នៃការជំរុញការផ្លាស់ប្ដូរការអនុវត្តល្អៗក្នុងការបណ្តុះបណ្តាល និងអប់រំទេសចរណ៍ ដែលរួមមានការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាវៀតណាម និងភាសាខ្មែរ ព័ត៌មានទីផ្សារទេសចរណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សារបស់សិស្សនិស្សិត។

៤. ជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរឡើង តាមរយៈវេទិកាវិនិយោគ និងព្រឹត្តិការណ៍ផ្សេងៗការលើកកម្ពស់ការយល់ដឹងអំពីកាលានុវត្តភាពវិនិយោគ និងការសម្រួលដល់ដំណើរការក្នុងការវិនិយោគ ស្របទៅតាមច្បាប់របស់ប្រទេសនីមួយៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna