Register Already an agent ? Login

ជប៉ុន ផ្ដល់១៦៧លានដុល្លារ លើគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទប្រវែងជាង ៥០០គ.ម ក្នុង៤ខេត្តនៅកម្ពុជា

ភ្នំពេញ៖ដ្ឋាភិបាលជប៉ុន ផ្ដល់ទឹកប្រាក់ ១៦៧លានដុល្លារ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ដែលក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករជាលើកដំបូងលើ «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» ផ្លូវល្បាយក្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងផ្លូវបេតុង ប្រវែង ៥២៩គីឡូម៉ែត្រ គ្របដណ្តប់លើខេត្តគោលទាំង៤ រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដែលមានទឹកប្រាក់ ១៦៧លានដុល្លារ បានលើកឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយ លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ថ្មីប្រចាំនៅប្រទេសកម្ពុជា និងសហការី នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។

បើតាមជំនួបនេះ លោក Sanui Kazumasa បានលើកឡើងថា បច្ចុប្បន្ន JICA កំពុងពិនិត្យលើឯកសារសំណើ សុំជ្រើសរើសទីប្រឹក្សាបច្ចេកទេសរបស់គម្រោងនេះ ដើម្បីងាយស្រួលដល់កិច្ចសហប្រតិបត្តិការ វាងក្រសួងអភិវឌ្ឍន៍ជនបទ និងJICA កាន់តែប្រសើឡើង។

លោក អ៊ុក រ៉ាប៊ុន បានលើកឡើងអំពីយុទ្ធសាស្រ្ដសំខាន់ៗ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋនៅទីជនបទ ឲ្យមានភាពប្រសើរឡើង តាមរយៈការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទ សេវាសាធារណៈ។

លោក រដ្ឋមន្រ្តី បានបន្តថា ជាពិសេសផ្លូវជនបទ ដែលប្រៀបបានដូចជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ របស់ប្រជាកសិករ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលយគម្រោងខាងលើនេះ នឹងរួមចំណែកក្នុងការសម្រេចឱ្យបាន គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០២៣ របស់ក្រសួង។

លោក អ៊ុក រ៉ាប៊ុន បានសំដែងការស្វាគមន៍ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគី JICA និងក្រសួងអភិវឌ្ឍន៍ជនបទ លើការរៀបចំនិងអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ក្រោមហិរញ្ញប្បទានរបស់ JICA៕

ដោយ៖ មឿន ឌីណា (Moeun Dyna)