Register Already an agent ? Login

កម្ពុជា រំពឹងនឹងទទួលបានទេសចរកូរ៉េប្រមាណ ៨ម៉ឺននាក់ ឆ្នាំ២០២៣ កាលពីឆ្នាំ២០២២ ជាង៦ម៉ឺននាក់

ភ្នំពេញ៖ ស្ថានភាពទេសចរណ៍កម្ពុជាកំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ កម្ពុជារំពឹងថានឹងទទួលបានទេសចរកូរ៉េប្រមាណ ៨ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣។ បើតាមការក្រសួងទេសចរណ៍។

កម្ពុជា ទទួលបានទេសចរចំនួន ២,២៧៦,៦២៦នាក់ កើនឡើង ១០៥៨.៦% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរកូរ៉េមានចំនួន ៦៤,០៤០នាក់ មានការកើនឡើង ៩៥៤.៣% បើធៀបនឹងឆ្នាំ២០២១។ យោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២។

ដោយឡែក ត្រឹមរយៈពេល៣ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរកូរ៉េ ៥២,៥៧៨នាក់ មានការកើនឡើង ១១១៥.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េនិងស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសកូរ៉េ បានដឹកនាំផ្នែកឯកជនជាង ១០ក្រុមហ៊ុនចូលរួមពិពរ័ណ៍ទេសចរណ៍អន្តរជាតិ  Seoul International Travel Fair 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

ការចូលរួមនេះ ដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ (២០២០-២០២៥) និងបន្តផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងកម្ពុជាជាគោលដៅទេសចរណ៍កីឡា «កីឡារស់ក្នុងសន្តិភាព» តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ជាមួយគ្នានេះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដោយផ្ដោតសំខាន់ទៅលើកីឡា និង MICE ផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនខ្មែរដែលរស់នៅប្រទេសកូរ៉េ ដោយមានការចូលរួមពីសំណាក់ប្រតិបត្តិករផ្នែកទេសចរណ៍កូរ៉េ អ្នកលក់ អ្នកទិញ អ្នកសារពត៌មានជាតិ និងអន្តរជាតិកូរ៉េ ប្រមាណ៥០០ក្រុមហ៊ុនមកពីបណ្តាប្រទេសក្នុងពិភពលោក។

ថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធី Cambodian Tourism Roadshow ដោយមានការចូលរួមពីប្រតិបត្តិករកម្ពុជាជាង ១០ក្រុមហ៊ុន និងប្រតិបត្តិករទេសចរកូរ៉េជាង១០០ក្រុមហ៊ុន។

ដោយឡែកនាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិធីបើកក្នុងកម្មវិធីពិព័រណ៍អន្តរជាតិ Seoul International Travel Fair ។ នាថ្ងៃដដែល លោកស្រី រដ្ឋលេខាធិការ ចូលរួមជាអធិបតីក្នុងពិធី Cambodian Tourism Roadshow ជាតំណាង រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់លោកស្រី ជ្រឹង បុទុមរង្សីយ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និង លោក KIM HAE-YONG អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ  និងលោក KIM MYOUNG CHUL ស្ថានតំណាងទេសចរណ៍កម្ពុជា ប្រចាំប្រទេសកូរ៉េ៕