Register Already an agent ? Login

ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ចង់ចងសម្ព័ន្ធមេត្រីភាពជាមួយ រាជធានីភ្នំពេញ

ភ្នំពេញ៖ ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ចង់ចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ដើម្បីពង្រីក វិស័យអប់រំ សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ឱ្យកាន់តែល្អថែមទៀត។  

ការបង្ហាញពីចេតនាបែបនេះ ខណៈដែល លោក ម៉ាយែលឌី អាន់ស្សារូឡា(Mahyeldi Ansarullha) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ាយែលឌី អាន់ស្សារូឡា បានមានប្រសាសន៍ថា ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងទាំងពីរ ធ្វើឱ្យយើងអាចធ្វើការរួមគ្នា និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ពិសេសទីក្រុងស៊ូម៉ាត្រាខាងលិច និងរាជធានីភ្នំពេញ ទាំងលើវិស័យអប់រំ សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ជាដើម។

លោក បានបញ្ជាក់ថា នៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីក្រុងស៊ូម៉ាត្រាខាងលិច។ នៅក្នុងឱកាសនោះយើងចង់រៀបចំឯកសាររដ្ឋបាល ដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញតែម្ដង។ នឹងអញ្ជើញអភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅពេលនោះដែរ។

លោក ម៉ាយែលឌី អាន់ស្សារូឡា ក្នុងឱកាសនោះដែរ ក៏បានសំដែងនូវការអបអរសាទរចំពោះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលសម្ដេចទទួលបាននូវគោរមងារកិត្តិយស“ពុទ្ធមាមកាភិបាល”ពីអង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្រ្ត” កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

លោក បានបន្តថា ការទទួលគោរមងារកិត្តិយសនេះ គឺពិតជាស័ក្កសមណាស់ ដោយសម្ដេចមិនត្រឹមតែមានស្នាដៃក្នុងការស្វែងរកសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេ តែសម្តេចតេជោ ហ៊ុន សែន នៅបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខដុមរមនាសាសនាថែមទៀត។ បន្ថែមពីនេះ កោតសរសើរ ចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញផងដែរ ដោយមានទាំងអគារខ្ពស់ៗ ជាច្រើន ជាមួយនឹងទីផ្សារទំនើបៗផងដែរ។

លោក ឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសនោះ ក៏បានបញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គឺមានគោលបំណងចង់ចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងនានាទាំងអស់ នៅលើពិភពលោក។ កន្លងមកនេះយើងបានចងសម្ព័ន្ធមន្ត្រីភាពជាមួយជាទីក្រុងជាច្រើនរួចហើយ មានទាំងទីក្រុងប៉ារីស ទីក្រុងឡុងប៊ិច ទីក្រុងមួយចំនួននៅប្រទេសប្រទេសចិន ទីក្រុងបាងកក ហាណូយ ហូជីមីញជាដើម និងមានការិយាល័យ ទីក្រុងប្រើប្រាស់ភាសាបារាំងនៅរាជធានីភ្នំពេញ ថែមទៀតផង ។

ពាក់ព័ន្ធនឹងការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងស៊ូម៉ាត្រាខាងលិច និងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានឯកភាពហើយ ពោលគឺនៅសល់តែទីក្រុងទាំងពីររៀបចំជាឯកសាររដ្ឋបាលដើម្បីចងសម្ព័ន្ធមេត្រីភាពគ្នាតែប៉ុណ្ណោះ។ នៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ឱ្យអភិបាលរងទទួលបន្ទុកទៅទំនាក់ទំនងលើការងាររដ្ឋបាលនៃការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងស៊ូម៉ាត្រាខាងលិចនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)