Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា មានទឹកប្រាក់ជាង ១៩២លានដុល្លារ ថយចុះជាង ២១% ត្រីមាសទី១ ឆ្នាំ២០២៣

ភ្នំពេញ៖ ត្រីមាសទី១ ចាប់ពីខែមករា-មីនា ឆ្នាំ២០២៣ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា និងកាណាដា មានចំនួន ១៩២,៧២លានដុល្លារ ថយចុះ ២១,៦% បើធៀបគ្រាដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ២៤៥,៨៥លានដុល្លារ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅកាណាដា ១៩០,០៧លានដុល្លារ ធ្លាក់ ២១,៣% និងកាណាដានាំមកកម្ពុជាមានចំនួន ២,៦៥ លានដុល្លារ ធ្លាក់ចុះ ៤០,២%។ បើតាមស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​ប្រចាំត្រីមាស​ទី១ ឆ្នាំ២០២៣ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ទំហំ​ទឹកប្រាក់​នៃ​ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​-​កាណាដា ក្នុង​ត្រី​មាស​ទី​១ ឆ្នាំ​២០២៣ ស្ថិតនៅ​លេខ​រៀង​ទី១០ ស្មើនឹង ១,៧១ % ​ក្នុងចំណោម​ទំហំ​ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា ១១ ២៥២,១៤​លាន​ដុល្លារ​ (​ធ្លាក់ចុះ ១៤,៥​​)​។ បើតាមការបញ្ជាក់នៅក្នុងជញ្ជីងស្ថិតខាងលើ។

​ការធ្លាក់​ចុះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​កាណាដា ក្នុង​ត្រីមាស​ទី​១ គឺ​មកពី​តម្រូវការ​ទំនិញប្រើប្រាស់​ធ្លាក់ចុះ​។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានបន្តថា ការធ្លាក់ចុះ​អំឡុង​ពេលនេះ​គឺមាន​លក្ខណៈ​សកល​។

លោក បានបន្តថា ​ ការធ្លាក់ចុះ​នេះ​គឺ​មិនមែន​កើតមាន​រវាង​កម្ពុជា និង​កាណាដា​ឡើយ ពោលគឺ​ការនាំចេញ នាំចូល​ទំនិញ​បាន​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​គោលដៅ​។ ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ត្រីមាស​ទី​១ ក៏​ដោយសារតែ​ឥទ្ធិពល​ដែល​អូសបន្លាយ​ពី​ចុងឆ្នាំ​២០២២ ផងដែរ​។​

បើតាមភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​​កម្ពុជា ថា ពាណិជ្ជកម្ម​អន្តរ​​ជាតិ​តែង​ផ្សារភ្ជាប់​នឹង​ព្រឹត្តិការ​​ណ៍​ធំៗ គឺ​បើ​មាន​បញ្ហា​ណាមួយ​កើតឡើង កា​ធ្វើ​ពាណិជ្ជកម្ម​ក៏​ជួប​បញ្ហា​ដែរ​។ ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កាណាដា ​ត្រីមាស​ទី​១ គឺ​ដោយ​​សារ​សេដ្ឋកិច្ចពិភពលោក​ជួប​បញ្ហា​។

លោក លឹម ហេង បានឱ្យដឹងថា ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំទៅ​ប្រទេស​កាណាដា មានដូចជា៖ សម្លៀកបំពាក់ ផលិត​ផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​​បង្គុំ​អេឡិចត្រូនិក​អគ្គិសនី និង​កង់ ចំណែក​ទំនិញ​កាណាដា នាំ​ចូលមក​កម្ពុជា ភាគច្រើន​ជា​គ្រឿង​អេឡិចត្រូនិក​។​

​សូមរម្លឹកថា ​ឆ្នាំ​២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មានតម្លៃ​សរុប ១ ១៥៤,៤៧​លាន​ដុល្លារ កើនឡើង ១៦,១​% ​ធៀប​ឆ្នាំ២០២១ ដែលមាន​ចំនួន ៩៩៤,៧២​លាន​ដុល្លារ​ ក្នុងនោះ​ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​កាណាដា ១ ១២០,៥៩ ​លាន​ដុល្លារ កើនឡើង ១៧,៤% និង​ទំនិញ​កាណាដានាំមក​កម្ពុជា​វិញ​មាន​ទឹកប្រាក់ ៣៣,៨៨​លាន​ដុល្លារ ធ្លាក់ចុះ ១៥,១%​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)