Register Already an agent ? Login

ពន្ធដារប្រមូលចំណូលបានជាង ១,៣៤៣លានដុល្លារ បានកើនជាង ៦% ក្នុងត្រីមាសទី១ ឆ្នាំ២០២៣

ភ្នំពេញ៖ រយៈពេល ៣ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៥ ៤៤២ប៊ីលានរៀល (ប្រមាណជា ១ ៣៤៣,៩០លានដុល្លារ) ស្មើនឹង ៣៧,៦៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៣២៦,៩៧ប៊ីលានរៀល(ប្រមាណជា ៨០,៧៣លានដុល្លារ) ស្មើនឹង ៦,៣៩%។ បើតាមការថ្លែងឱ្យដឹងពី លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ការថ្លែងខាងលើ របស់ លោក គង់ វិបុល នៅកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

លោក គង់ វិបុល បានថ្លែងបន្តថា ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងខែមីនា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៣ ២៥៨,០១ប៊ីលានរៀល (ប្រមាណជា ៨០៤,៤៥លានដុល្លារ) ស្មើនឹង ២២,៥២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមីនា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ២១៧,៦៤ប៊ីលានរៀល (ប្រមាណជា ៥៣,៧៤លានដុល្លារ) ស្មើនឹង ៧,១៦%។

ចំណូលពន្ធប្រចាំខែមីនា ឆ្នាំ២០២៣ និងជារួមសម្រាប់រយៈពេល ៣ខែដើមឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ដោយសារតែ ជារៀងរាល់ឆ្នាំ ខែមករា ដល់ខែមីនា គឺជារដូវកាលនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាពអាជីវកម្មថា រកបានចំណេញ ឬខាតរបស់សហគ្រាសនាឆ្នាំកន្លងមក។ បើតាមការបញ្ជាក់របស់ លោក គង់ វិបុល បានបន្តថា ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ បានទទួលនូវលទ្ធផលល្អប្រសើរ ដោយសារប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing មានភាពរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ (Cross check)។

កន្លងមកអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល របស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) សំដៅធានាបាននូវតម្លាភាព និងការប្រកួត ប្រជែងស្មើភាព ហើយដើម្បីធានាបាននូវនិរន្តរភាពនៃវិធានការនេះ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរៀបចំយន្តការចុះត្រួតពិនិត្យជាក់ស្តែងតាមដាន និងធ្វើការថែទាំឧបករណ៍ និងបណ្តាញដែលបានរៀបចំតាមរោងចក្រ។ បើតាមការលើកឡើងរបស់ លោកអគ្គនាយកដដែល បានបន្ថែមថា កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) បានចូលរួមជំរុញឱ្យសហគ្រាសទាំងឡាយកែលម្អនូវការ ប្រកាសនិងបង់ប្រាក់ពន្ធរបស់ខ្លួន ដោយជាក់ស្តែងកម្មវិធីនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។

បើតាម លោក អគ្គនាយក បានកត់សម្គាល់ថា ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៣ ការប្រមូលបំណុលពន្ធមានការថមថយ ធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ហើយជួបប្រទះបញ្ហាប្រឈម ដោយសារមានសហគ្រាសខ្លះ បាននិងបន្តយកលេសពីស្ថានភាពនៃភាពមិនប្រាកដប្រជា និងការប្រែប្រួលនូវបរិបទសេដ្ឋកិច្ចសកល ហើយព្យាយាមពន្យារពេល ឬគេចវេះពីការបង់បំណុលពន្ធ។ ទន្ទឹមនឹងនេះ សហគ្រាសដែលធ្លាប់ទទួលបានការអនុញ្ញាតឱ្យបង់ជាដំណាក់កាល ក៏មានការយឺតយ៉ាវ ក្នុងការបង់បំណុលពន្ធ និងបន្តស្នើសុំពន្យារពេលបង់ពន្ធតាមកាលកំណត់ផងដែរ។

លោក បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការងារចុះបញ្ជីសហគ្រាស បានកត់សម្គាល់ឃើញថា មានសហគ្រាសខ្លះបានចុះបញ្ជីជោគជ័យ ក៏ប៉ុន្តែត្រឹមមួយរយៈពេលខ្លីបានបាត់ខ្លួន ពីទីតាំងស្នើសុំចុះបញ្ជី ដែលនេះអាចជាករណីផ្លាស់ប្តូរទីតាំង ដោយមិនមានការជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារ ឬអាចជាករណីឈានទៅគេចវេះពន្ធ និង/ឬបង្កើតបណ្តាញនៃការ គេចវេះពន្ធជាលក្ខណៈប្រព័ន្ធ។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារ គាំទ្រនិងជំរុញឱ្យសាខាពន្ធដារខេត្ត-ខណ្ឌ ដែលជាអង្គភាពគ្រប់គ្រងតាមដានការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធឱ្យបានគ្រប់ជ្រុងជ្រោយ។

នាឱកាសនោះ លោក គង់ វិបុល បានជំរុញឱ្យបន្តអនុវត្តវិធានការដូចភ្លៀងរលឹម ចំពោះក្លឹបកម្សាន្តធំៗមួយចំនួន ដែលមិនបានចុះបញ្ជីពន្ធដារ ឬចុះបញ្ជីមិនបាន ត្រឹមត្រូវតាមកម្រិតផលរបរ និងរម្លឹកឱ្យម្ចាស់អាជីវកម្ម ដែលមិនទាន់បានចុះបញ្ជីពន្ធដារ ឱ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងសហគ្រាសដែលបានចុះបញ្ជីរួចរាល់ មកធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស (ប្រសិនបើមាន) ចៀសវាងនូវការផាកពិន័យ ទោសទណ្ឌនានា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)