
ព្រះសីហនុ៖ នៅខែឧសភា ឆ្នាំ២០២៣ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមពិព័រណ៍ និងសម្ពោធដាក់ឱ្យដំណើររោងចក្រផលិតសំបកកងរថយន្តដំបូងក្នុងខេត្តព្រះសីហនុ មានទុនវិនិយោគ ៣០០លានដុល្លារ ប្រើប្រាស់កម្លាំងពលកម្ម ១៥០០នាក់ ជាក្រុមហ៊ុនឧស្សាហកម្មធំហើយទំនើបនៅខេត្តព្រះសីហនុ។ បើតាមប្រសាសន៍ឱ្យដឹងពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោក គួច ចំរើន ដែលទទួលជំនួបសម្តែងការគួរសមជាមួយ លោក NONG RONG ឧបការីរដ្ឋមន្រ្តីការបរទេសចិន គណៈប្រតិភូ និងទីប្រឹក្សាអមស្ថានទូតប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានមានប្រសាសន៍បន្តថា ក្រៅពីនេះ ក៏មានការក្រុមហ៊ុនវិនិយោគរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មធំ២ ដែលមានអនុភាពផ្តល់ថាមពលរហូតដល់ ១,៣០០មេហ្កាវ៉ាត់ ខេត្តព្រះសីហនុតម្រូវការប្រើប្រាស់ថាមពល ១៧០មេហ្កាវ៉ាត់នៅរដូវក្តៅ នៅសល់បន្តចែកចាយទៅកាន់បណ្តារាជធានី/ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ លោក គួច ចំរើន បានជំរាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុស្ថិតនៅភាគនារតី នៃប្រទេសកម្ពជា ជាខេត្តមួយក្នុងចំណោមខេត្ត៤ នៃតំបន់ឆ្នេរមានសក្តានុពលកំពង់ផែសមុទ្រទឹកជ្រៅ។ លោ បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណទី៤ និងគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» របស់លោកប្រធានធិបតីចិន ស៊ី ជីងពីង នៅឆ្នាំ២០១៥ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរ និងវិនិយោគចិន។
លោក គួច ចំរើន បានបញ្ជាក់ថា ផ្តើមចេញពីគោលនយោបាយទាំងពីរនេះ ស្របនឹងខេត្តព្រះសីហនុមានសក្តានុពលកោះ ឆ្នេរ នៅចុងសប្តាហ៍ភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុយ៉ាងច្រើកុះករ។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្រួបយកកម្លាំងពលកម្ម ២៥,០០០នាក់។ លោក បានមានប្រសាសន៍ឱ្យដឹងថា ខេត្តព្រះសីហនុបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុងនៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៧នាពេលបច្ចុប្បន្ន។

លោក NONG RONG បានថ្លែងអំណរគុណ លោក គួច ចំរើន ដែលទទួលស្វាគមន៍ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ និងសរសើរអភិបាលខេត្ត ក៏ដូចជាសហការីធ្វើឱ្យកិច្ចសហប្រតិបត្តិការចិន កម្ពុជាកាន់តែស៊ីជម្រៅថែមទៀត។ លោក បានបញ្ជាក់ថា ខេត្តព្រះសីហនុមានការរីកចម្រើនរស់រវើក និងអបអរសាទរសមិទ្ធផលកម្ពុជាទទួលបាន ពិសេសខេត្តព្រះសីហនុ ហើយមេដឹកនាំប្រទេសទាំងពីរមានកុងសង់ស៊ីសសំខាន់ៗជាច្រើន។
កាលពីខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង ប្រទេសទាំងពីរកសាងក្របខណ្ឌត្បូងពេជ្រ ៦វិស័យ ផ្តោតសំខាន់លើការអភិវឌ្ឍខេត្តព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ជំរុញកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា។ បើតាមការលើកឡើងរបស់ លោក NONG RONG បានបញ្ជាក់ថា សមិទ្ធផលរបស់ខេត្តព្រះសីហនុ សរបញ្ជាក់ពីកិច្ចសហប្រតិបត្តិការចិន-កម្ពុជា រីកចម្រើនក្នុងពេលអនាគត។

ទាក់ទងទៅនឹងសម្ពោធដាក់ឱ្យដំណើររោងចក្រផលិតសំបកកងរថយន្តនេះដែរ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោក Chen Jiangang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដោះបណ្ដាលវិជ្ជាជីវៈ។
លោក Chen Jiangang បានពាំនាំដំណឹងល្អៗជូន លោក អ៊ិត សំហេង ឱ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានគោរពអញ្ជើញសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រសំបកកង់រថយន្ត ដែលមានឈ្មោះថា ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក។ ជាមួយគ្នា ក៏អញ្ជើញលោក អ៊ិត សំហេង ចូលរួមផងដែរ។

លោក Chen Jiangang បានបន្តថា កន្លងមកនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានទាក់ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេសចិន។ លោក បានបញ្ជាក់ថា ការអញ្ជើញមកទស្សនាទាំងអស់នេះ គឺបានបង្ហាញសញ្ញាថា រដ្ឋាភិបាលចិនបានបើកចំហការចេញចូលប្រទេសកាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិននឹងមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។
លោក Chen Jiangang បានបន្តទៀតថា ដំណឹងល្អមួយទៀត គឺរោងចក្រផលិតសំបកកង់រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណូឡូជី ដែលលោក អ៊ិត សំហេង ធ្លាប់បានទៅទស្សនកិច្ចនៅទីក្រុងវូស៊ីកន្លងទៅនោះ បច្ចុប្បន្នបានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ តាមសំណើនិងការទាក់ទាញរបស់លោករដ្ឋមន្រ្តី។ លោក បានបញ្ជាក់ទៀតថា «ការវិនិយោគនេះគឺជាគម្រោងធំបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុននេះបានបណ្តាក់ទុនវិនិយោគចំនួន ៣០០លានដុល្លារ»។

នាឱកាសនោះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរូបនេះ បានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនមកកាន់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដើម្បីផ្ដល់ឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសនឹងខិតខំប្រឹងប្រែងទាក់ទាញវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប មកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)