Register Already an agent ? Login

ពន្ធដារ រកចំណូលបានពី E-Commerce ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ប្រមាណ ៨៤,៦៧ប៊ីលានរៀល

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានចំនួន ២៤,៤៣ប៊ីលានរៀល ប្រមាណជា ៦,០៣លានដុល្លារ និងសរុបក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ប្រមូលបាន ៨៤,៦៧ប៊ីលានរៀល ប្រមាណជា ២០,៩១លានដុល្លារ។ បើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ៣ នៃអគ្គនាយកដ្ឋានពន្ធដារ។

បើគិតជាមធ្យម ក្នុងឆ្នាំ២០២៣ ចំណូល E-Commerce ប្រចាំខែគឺប្រមាណជា ៧លានដុល្លារក្នុងមួយខែ បើប្រៀបនឹងឆ្នាំ២០២២ ប្រមាណជា ៥លានដុល្លារក្នុងមួយខែ បើយោងតាមតួលេខចំណូលពន្ធពី E-Commerceនេះ កាលពីឆ្នាំ២០២២ គិតពីខែមេសា ដល់ខែធ្នូ ប្រមូលបានចំនួន ១៧៨,០៦ប៊ីលានរៀល ប្រមាណជា ៤៣,៩៧លានដុល្លារ។ បើតាមការបន្តនៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ៣។

អនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តនិងគ្រប់គ្រងការប្រមូលអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ចំពោះការផ្គត់ផ្គង់ទំនិញ ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលធ្វើឡើងដោយទាំងអ្នកជាប់ពន្ធអនិវាសនជននិងអ្នកជាប់ពន្ធនិវាសនជន។

អ្នកជាប់ពន្ធអនិវាសនជនមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (SimplifiedVATRegistration) ហើយគិតមកត្រឹមពេលនេះក្រុមហ៊ុនដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ចំនួន៦៨ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ រួមមាន៖ META, GOOGLE,YOUTUBE, TIK TOK, NETFLIX។ល។

ជាក់ស្តែង ស្ថិតក្នុងបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមានការរីកលូតលាស់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ហើយអគ្គនាយកដ្ឋានពន្ធដាររំពឹងថាវិស័យនេះនឹងបន្តរីកចម្រើន ដែលនឹងជំរុញឱ្យចំណូលពន្ធពី E-Commerce នឹងរក្សានូវចីរភាពកំណើនពីមួយឆ្នាំទៅមួយឆ្នាំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)