Register Already an agent ? Login

ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ប្រវែង ១៣៨គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣

ភ្នំពេញ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណ ១៣៥គីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត នឹងបើកការដ្ឋាសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នា២០២៣។ នេះបើតាមក្រសួងសាធារណការ ដឹកជញ្ជូន។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រុមអ្នកបច្ចេកទេស និងភាគីពាក់ព័ន្ធ បានបញ្ចប់ការសិក្សាផលប៉ះពាល់ ដោយសម្រេចបើកការដ្ឋានតាមផែនការកំណត់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នា២០២៣។

គម្រោងនេះ ក៏រួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ ៥គីឡូម៉ែត្រ គ្រោងបញ្ចប់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១,៦៣៨លានដុល្លារ។ ជាងនេះទៀត គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន ម​ក​ភូ​មា​​ មកប្រទេសថៃ មកកម្ពុជា ទៅ​វៀតណាមថែមទៀត។

រាជរដ្ឋាភិបាល នឹងបញ្ចេញថវិកាប្រមាណ ២៣០លានដុល្លារសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដព្រៃវែង និងខេត្ដស្វាយរៀង។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលសម្រេចធ្វើស្ពានហ្នឹង ដោយប្រើប្រាស់ថវិកាប្រមាណ ២៣០លានដុល្លារ ធ្វើជាស្ពានសម្រាប់ផ្លូវល្បឿនលឿនពីរទៅពីរមក ដើម្បីតភ្ជាប់ឆ្លងទៅត្រើយម្ខាងរួចហើយបានឆ្លងកាត់ខេត្ដកណ្ដាលមួយផ្នែក ខេត្ដព្រៃវែងមួយផ្នែក ខេត្ដស្វាយរៀងមួយផ្នែក។

ដំបូងឡើយក្រុមហ៊ុនសាងសង់ ផ្លូវល្បឿនលឿនចង់ធ្វើស្ពានមួយនេះ និងគិតថ្លៃធ្វើដំណើរពីប្រជាពលរដ្ឋ ប៉ុន្ដែរាជរដ្ឋាភិបាលមិនព្រមដោយសារខ្លាចប្រជាពលរដ្ឋចំណាយច្រើនលើការធ្វើដំណើរ។ ដូច្នេះដើម្បីកាត់បន្ថយថ្លៃចំណាយ រាជរដ្ឋាភិបាលក៏បានសម្រេចបញ្ចេញថវិកាសាងសង់ស្ពានមួយនេះតែម្ដង និងដាក់ឱ្យពលរដ្ឋធ្វើដំណើរដោយមិនគិតថ្លៃ។ បើតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល។

តាមការបញ្ជាក់ របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅថា គម្រោងស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងសាងសង់នៅតំបន់លើកដែកនៃស្រុកកៀនស្វាយ ក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្លងទៅតំបន់ល្វាឯមឡើងទៅកាន់ផ្លូវល្បឿនលឿនតែម្ដង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)