Register Already an agent ? Login

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ ប្រវែជិត២គ.ម តម្លៃ១១៤លានដុល្លារ នឹងបញ្ចប់ឆ្នាំ២០២៦

ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ ប្រវែងស្ពាន ១៧៦១ម៉ែត្រ ត្រើយខាងកើតស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅឃុំសោប ស្រុកព្រែកប្រសព្វ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្នុងតម្លៃ ១១៤លានដុល្លារ គ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ មានរយៈពេល ៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះដែលប្រកាសបើកការដ្ឋានសាងសង់នេះ គឺជាស្ពានទី១១ ហើយក្រោមការជួយគាំទ្រពីរដ្ឋាភិបាលចិន ដែលគិតមកដល់បច្ចុប្បន្នមានស្ពាននៅតាមដងទន្លេមេគង្គចំនួន៤ (ស្ពានមេគង្គស្ទឹងត្រែង, ស្ពានព្រែកតាមាក់, ស្ពានស្ទឹងត្រែង-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេមេគង្គ)។ បើតាមការថ្លែងរបស់ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងគម្រោងសាងសង់ផ្លូវតភ្ជាប់។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ជាមួយគ្នានេះ ស្ពានទន្លេសេកុងស្ទឹងត្រែងចំនួន១ ស្ពាននៅតាមដងទន្លេសាបចំនួន ២គឺ (ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកក្តាម និងស្ពានមិត្តភាពកម្ពុជា-ចិនជ្រោយចង្វារទី២) ស្ពាននៅតាមទន្លេបាសាក់ចំនួន ៣ (ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ និងស្ពានមិត្តភាពកម្ពុជា-ចិន សិត្បូ) និងស្ពានអាកាសចំនួន១ គឺស្ពានមិត្តភាពកម្ពុជា-ចិន សែនសុខ)។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមានប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥០ម៉ែត្រ មាន ២គន្លងទៅមកប្រវែង ៣,៥០ម៉ែត្រ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា ដោយឡែក ឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ម៉ែត្រ រួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។

លោក បានថ្លែងបន្តថា គម្រោង​ស្ពាន​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ផ្លូវជាតិ​លេខ​៦០B ត​ភ្ជាប់​ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ​ដែលមាន​ភាព​ប្រទាក់​ក្រឡា​ជាមួយ​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​សំខាន់ៗ​ដូចជា​ត្រើយ​ខាងលិច​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ៦ ​ត្រង់​ផ្លូវបំបែក​កំពង់ថ្ម ខេត្តកំពង់ធំ បន្ត​ឆ្ពោះទៅកាន់​ខេត្តសៀមរាប និង​ត​ភ្ជាប់​តាមរយៈ​ផ្លូវជាតិ​លេខ​៧១A តាម​បណ្តោយ​មាត់ទន្លេ​មេគង្គ​ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង​នៅ​ផ្នែក​ខាងលើ និង​ឆ្ពោះទៅ​ខេត្ត​កំពង់ចាម​នៅ​ផ្នែក​ខាងក្រោម​ទន្លេមេគង្គ​។

​ចំណែក​នៅ​ត្រើយ​ខាងកើត​វិញ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៧​ ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី និង​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៧៣ ឆ្លងកាត់​ស្រុក​ឆ្លូង ស្រុក​តំបែ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ រួច​ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ៧ ឆ្ពោះទៅ​ខេត្ត​កំពង់​ចាម​ឬ​ខេត្តព្រៃវែង និង​បន្ត​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ​។ បើតាមការបបន្ថែមរបស់ លោក ស៊ុន ចាន់ថុល។

លោក បានថ្លែងបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ស្ពាន និងផ្លូវតភ្ជាប់នេះ នឹងជំរុញឱ្យតំបន់នោះមានសម្ទុះកើនឡើងនូវសកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍នៅតាមបណ្តាខេត្តស្ថិតនៅភូមិភាគឦសាន រួមទំាងតំបន់ត្រីកោណអភិវឌ្ឍន៍ផងដែរ ដែលស្របតាមគោលនយោបាយ និងផែកការមេរបស់រាជរដ្ឋាភិបាល និងប្រទេសនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)