Register Already an agent ? Login

សុរិយោដីខេត្តកណ្ដាល បានចែកបណ្ណកម្មសិទ្ធិដីធ្លីជិត ៣សែនបណ្ណ និងចេញបណ្ណបានជាង ៣សែនបណ្ណទូទាំងខេត្ត

កណ្ដាល៖ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានថ្លែងឱ្យដឹងថា គិតតាំងពីការចាប់ផ្ដើមដំណើរការចុះបញ្ជីជាលក្ខណៈប្រពន្ធរហូតមកដល់ពេលនេះ ទូទាំងខេត្តសម្រេចបានលទ្ធផលរួមមាន៖ ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៣៤២,៩២៣បណ្ណ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុបានចំនួន ២៧០,៩២៦បណ្ណ។

នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសុរិយោដី មន្ត្រីចុះវាល អ្នកស្ម័គ្រចិត្តចុះជួយការងារការចុះបញ្ជីជាលក្ខណ:ប្រព័ន្ធទូទាំងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោក សុក កាន់ណារិទ្ធ បានថ្លែងបន្តថា ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ៩៩ឃុំ ស្មើនឹង ៦០៦ភូមិ, ប្រមូលទិន្នន័យ បញ្ចូល និងគូរបានចំនួន ៤០៩,៥៧៤ក្បាលដី, បិទផ្សាយទិន្នន័យបានចំនួន ៣៨២,៤៣៨ក្បាលដី, កំណត់ព្រំបានចំនួន ៤០៥,២៩០ក្បាលដី, វិនិច្ឆ័យបានចំនួន ៤០៥,២៩០ក្បាលដី។

លោក បានថ្លែងបន្តទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តកណ្ដាលប្រតិបត្តិការចប់បានពីរគឺ៖ នៅស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ នឹងកំពុងបន្តអនុវត្តនៅ ស្រុកល្វាឯម ស្រុកស្អាង ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្តាល ស្រុកកោះធំ ស្រុកពញាឮ ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកលើកដែក។

លោក ប្រធានមន្ទីររៀបចំដែនដី បានថ្លែងបន្ថែមថា ត្រៀមបិទផ្សាយចំនួន ៤ភូមិ គឺភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ និងភូមិពោង ឃុំសំបួរមាស ភូមិព្រែកតាបែន, ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ លោក បានបន្ថែមទៀតថា ត្រៀមចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២ភូមិ  គឺភូមិប្រធាតុ “ក” ឃុំព្រែកស្ដី ស្រុកកោះធំ និងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង  សរុបចំនួន ២,០០៥បណ្ណ។

បើតាម លោកប្រធានមន្ទីរដដែល បានឱ្យដឹងទៀតថា ត្រៀមប្រកាសតំបន់វិនិច្ឆ័យថ្មីបន្ថែមចំនួន ៥ស្រុកគឺ ស្រុកខ្សាច់កណ្ដាល ចំនួន ៩ឃុំ ស្មើនឹង ៣៥ភូមិ ស្រុកល្វាឯម ចំនួន ២ឃុំ ស្មើនឹង ៤ភូមិ, ស្រុកលើកដែក ចំនួន ៣ឃុំ ស្មើនឹង ១១ភូមិ, ស្រុកពញាឮ ចំនួន ៥ឃុំ ស្មើនឹង ៥០ភូមិ និងស្រុកកោះធំ ចំនួន ៩ឃុំ ស្មើនឹង ៨៧ភូមិ ជាសរុបស្រុកដែលនឹងត្រៀមស្នើសុំបើកប្រកាសតំបន់វិនិច្ឆ័យថ្មីចំនួន ៥ស្រុក មានចំនួន ២៨ឃុំ ស្មើនឹង ១៨៧ភូមិ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីនេះ លោក បានគូសបញ្ជាក់ថា ការងារចុះបញ្ជីដៃធ្លីមានលក្ខណៈជាប្រព័ន្ធ មានអត្ថប្រយោជន៍ជាច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ គឺធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី តាមរយៈការផ្ដល់ជូននូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ចូលរួមកាត់បន្ថយ និងលុបបំបាត់នូវវិវាទដីធ្លី (ជម្លោះព្រំប្រទល់ ត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង) ជាវត្ថុតាងស្របច្បាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវបន្តវេនបន្ត (អំណោយ ដល់កូន ចៅ និងសាច់ញាតិផ្សេងទៀត)។

លោក បានថ្លែបន្តថា បង្កើតទីផ្សាដីប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាកម្លាំងចលករជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ អាចយកទៅប្រើប្រាស់ជារបស់សម្រាប់ធានាការខ្ចីប្រាក់ពីធនាគារ ដើម្បីបានទុនមកប្រើប្រាស់សម្រាប់ពង្រីកមុខរបរ និងការងារផ្សេងៗ ធ្វើឱ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ អាចបង្កើនតម្លៃដីកាន់តែបានថ្លៃ និងប្រកបដោយទំនុកចិត្ត ទទួលបានចំណូលពីពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនប្រើប្រាស់ជាដើម។

លោក អភិបាលខេត្តកណ្ដាល បានស្នើឱ្យអភិបាលក្រុង-ស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បន្តសហការគ្នា និងជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកណ្តាល ឱ្យបានចប់តាមផែនការ។ ជាមួយគ្នានេះផងដែរ មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តអនុវត្តផែនការចុះបញ្ជីដីរួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។

លោក បានជំរុញទៀតថា បន្តយកចិត្តទុកដាក់ដោះស្រាយវិវាទដៃធ្លីនៅក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈដីធ្លីជូនប្រជាពលរដ្ឋ ដោយជំរុញអនុវត្តឱ្យបាន តាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និង មានតម្លាភាព» ដើម្បីធានាថាប្រជាពលរដ្ឋទទួលបាន សេវា កាន់តែងាយស្រួល, កាន់តែឆាប់រហ័ស, មានតម្លាភាព និងមានគណនេយ្យភាព។

លោក គង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា បន្តរួមសហការគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោ បាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)