Register Already an agent ? Login

នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាកើនក្នុងអត្រា ៥,១% គាំទ្រជាចម្បងបើកសេដ្ឋកិច្ចក្នុងស្រុកឡើងវិញ និងកំណើនតម្រូវការខាងក្រៅ

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២បានបន្តងើបឡើងក្នុងអត្រា ៥,១% ដែលគាំទ្រជាចម្បងដោយការបើកទូលាយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកឡើងវិញ និងកំណើនតម្រូវការខាងក្រៅ។ វិស័យកម្មន្តសាល សម្រេចបានកំណើនរឹងមាំ ដែលក្នុងនោះផលិតផលកាត់ដេរសម្រាប់នាំចេញកើន ៦៤,៣% ផលិតផលមិនមែនកាត់ដេរសម្រាប់នាំចេញកើន ១,១ដង និងផលិតផលកម្មន្តសាលសម្រាប់បម្រើទីផ្សារក្នុងស្រុក កើន ៨៨,៥%។ បើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនៅចុងខែមករា ឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបន្តថា ជាមួយគ្នានេះ វិស័យទេសចរណ៍មានកំណើនល្អ ដោយភ្ញៀវអន្តរជាតិបានកើនឡើង ខ្ពស់ជាងការរំពឹងទុកដល់ ២,២លាននាក់ ថ្វីបើនៅមានកម្រិតត្រឹម ១/៣ នៃគ្រាមុនវិបត្តិក៏ដោយ ខណៈដែលទេសចរក្នុងស្រុកបានវិលមកប្រក្រតីភាពទាំងស្រុង។

វិស័យសំណង់និងអចលនទ្រព្យ មានកំណើនទាបត្រឹម ០,៨% និង ០,៥% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុក ស្របពេលដែលវិស័យកសិកម្មបន្តកើនឡើងក្នុងល្បឿនយឺតត្រឹម ០,៧% ដែលបណ្ដាលមកពីទឹកភ្លៀងធ្លាក់លឿននិងមានបរិមាណច្រើន និងការកើនឡើងថ្លៃដើមផលិត ដោយសារការឡើងថ្លៃប្រេងឥន្ធន និងជីកសិកម្ម។

ជញ្ជីងទូទាត់ត្រូវបានប៉ាន់ស្មានថាមានភាពប្រសើរឡើងដោយមានអតិរេក ២៩៨,៨លានដុល្លារអាមេរិក ដោយសារលំហូរចូលនៃគណនីហិរញ្ញវត្ថុ និងការថយចុះឱនភាពគណនីចរន្ត និងដើមទុន។ ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ ទោះបីជាបានថយចុះបន្តិចក្តី ដោយមានចំនួនប្រមាណ ១៧,៨ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ខ្ពស់ជាងកម្រិតអប្បបរមាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (៣ខែ)។

អតិផរណាបានកើនឡើងដល់ ៥,៣% ខ្ពស់ជាងឆ្នាំ២០២១ (២,៩%) ដែលជាចម្បងបណ្តាលមកពីកំណើនថ្លៃប្រេងឥន្ធន និងម្ហូបអាហារ ក្រោមឥទ្ធិពលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពរអាក់រអួលខ្សែច្រវាក់ផ្គត់ផ្គង់សកល ស្របពេលដែលតម្រូវការក្នុងស្រុកមានកំណើនជាលំដាប់។ អត្រាប្ដូរប្រាក មានស្ថិរភាពក្នុងរង្វង់ ៤.១០២រៀលក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានថយថ្លៃបន្តិច ០,១% ធៀបនឹងឆ្នាំមុន។ រូបិយវត្ថុទូទៅ (M2) បានកើនឡើង ៥% ទាបជាងកំណើនឆ្នាំ២០២១ (១៦,៤%) ដោយសារកំណើនទាបនៃប្រាក់បញ្ញើទាំងជាប្រាក់រៀលនិងរូបិយប័ណ្ណ និងការថយចុះនៃរូបិយវត្ថុ ក្នុងចរាចរណ៍។

ធនាគារជាតិនៃកម្ពុជា បានរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិត ៧% ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសន្ទនីយភាពបន្ថែម សម្រាប់ផ្តល់ឥណទានទៅដល់វិស័យនានា ដើម្បីគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ ការស្របយកនិង បញ្ចេញសន្ទនីយភាពត្រូវបានធ្វើឡើង ដោយថ្លឹងថ្លែងពីតម្រូវការសន្ទនីយភាព និងការរក្សាស្ថិរភាព តម្លៃប្រាក់រៀល។

ការចេញផ្សាយមូលបត្រអាចជួញដូរបាន (NCD) ចារឹកជាប្រាក់រៀលនិងដុល្លារ អាមេរិកសរុបមានចំនួន ៣៧,៥ ប៊ីលានដុល្លារអាមរិក ដែលបានកើនឡើង ៣,៧% ហើយការបញ្ចេញ សន្ទនីយភាពជារៀលតាមរយ ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ត្រូវបាន កាត់បន្ថយមកត្រឹម ១,៥ ទ្រីលានរៀល ដែលបានថយចុះជិត ៣ដង។

ឧបករណ៍ផ្ដល់សន្ទនីយភាពរយៈពេលខ្លី (MLF) ក៏បានផ្ដល់សន្ទនីយភាពចំនួន ៣២,៨ប៊ីលានរៀល ដល់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុដែលមានតម្រូវការប្រាក់រៀលរយៈពេលខ្លីផងដែរ។ មូលបត្ររដ្ឋត្រូវបានបោះផ្សាយចំនួន ៧២,១ប៊ីលានរៀល ដែលមានឥណប្រតិទាន ១ឆ្នាំ ជាមួយអត្រាចំណូល ២,២%។ ទោះយ៉ាងណា ការអនុវត្តនយោបាយរូបិយវត្ថុមិនទាន់មានប្រសិទ្ធភាពពេញលេញនៅឡើយ ដោយសារកម្រិត ដុល្លារូបនីយកម្មខ្ពស់ ដែលឆ្លុះបញ្ចាំងដោយអនុបាតប្រាក់បញ្ញើជារូបិយប័ណ្ណធៀបនឹងរូបិយវត្ថុទូទៅ ៨៤,១%។

ចំពោះស្ថានភាពប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តមានសុខភាពល្អ ព្រមទាំងបានរូបចំណែកគាំទ្រការងើបឡើងវិញនៃសកម្មភាពរសដ្ឋកិច្ច។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ បានកើនឡើង ១៤,៥% ឥណទានទៅកាន់វិស័យចម្បងៗមានកំណើន ២០,២% និងប្រាក់បញ្ញើ អតិថិជនកើន ១១,៣%។ បរិយាបន្នហិវញ្ញវត្ថុបានកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងដោយកំណើន ចំនួនគណនីប្រាក់បញ្ញើអតិថិជនពី ១២,៧លាន ដល់ ១៤.៣លានគណនី និងគណនីឥណទានអតិថិជនពី ៣,៤លាន ដល់ ៣,៧លានគណនី។

គ្រឹះស្ថានធនាគារដឹងហិរញ្ញវត្ថុបានផ្តល់ការអនុព្រោះ ដល់អ្នកខ្ចីប្រាក់ តាមរយៈការរៀបចំឥណទានឡើងវិញចំនួន ១៨៣ ១១៧គណនី (ថយ -៤៩%) ដែលមានទំហំឥណទាន ៣,៣ប៊ីលានដុល្លារអាមេរិក (ថយ -៣៨%) ដើម្បីរួមចំណែកជួយសម្រាល បន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងព្រោះទឹកជំនន់។ ឥណទានបន្តមាន គុណភាពល្អ ដោយអនុបាតឥណទានមិនដំណើរការមានកម្រិតទាប ទោះជាបានកើនឡើងបន្តិច ក៏ដោយក្នុងនោះអនុបាតឥណទានមិនដំណើរការសម្រាប់វិស័យធនាគារមានកម្រិត ៣,២% និងវិស័យមីក្រូហិរញ្ញវត្ថុ ២,៦%។

ទន្ទឹមនេះ ស្ថានភាពដើមទុននិងសន្ទនីយភាពមានភាពរឹងមាំ ដោយ អនុបាតសាធនភាពមានកម្រិតខ្ពស់ដល់ ២២ ៥% សម្រាប់វិស័យធនាគារ និង ២១,២% សម្រាប់វិស័យ មីក្រូហិរញ្ញវត្ថុ ធៀបនឹងកម្រិតអប្បបរមាកំណត់ដោយបទប្បញ្ញត្តិ ១៥% ហើយអនុបាតក្របខ័ណ្ឌ សន្ទនីយភាពមានអត្រា ១៨៣% សម្រាប់គ្រឹះស្ថានធនាតាពាណិជ្ជ និង ១៧២,៤% សម្រាប់គ្រឹះស្ថាន បីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ខ្ពស់ជាងកម្រិតអប្បបរមាកំណតដោយបទប្បញ្ញត្តិ ១០០% ។ លទ្ធផល នៃការត្រួតពិនិត្យលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្ហាញពីភាពធន់នៃប្រព័ន្ធធនាគារទៅនឹង ការប៉ះទង្គិចនានា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)