Register Already an agent ? Login

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងបន្តកើនក្នុងរង្វង់ ៦% ហើយអត្រាអតិផរណានឹងថយចុះវិញក្នុងអត្រា ២,៥% ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងបន្តកើនក្នុងរង្វង់ ៦% ហើយអត្រាអតិផរណាត្រូវបានព្យាករថា នឹងថយចុះមកកម្រិតទាបវិញក្នុងអត្រា ២,៥% ដោយសារថ្លៃប្រេងឥន្ធនៈអាចថមថយក្នុងបរិការណ៍ នៃកំណើនយឺតជាងមុននៃសេដ្ឋកិច្ចពិភពលោក និងភាពប្រសើរឡើងនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។ បើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ នៃធនាគារជាតិ ដែលបានចេញផ្សាយនៅចុងខែមករា ឆ្នាំ២០២៣។

ទុនបម្រុងអន្តរជាតិរំពឹងថានឹងកើនឡើងវិញបន្តិច ដែលអាចបានាការនាំចូលទំនិញនិងសេវាបានប្រមាណ ៧ខែ ស្របពេលដែលភាពរឹងមាំនៃប្រព័ន្ធធនាគារនឹងបន្តរួមចំណែកផ្ដល់ថាមភាពដល់កំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ។ បើតាមការបន្តនៅក្នុងរបាយការណ៍។

បើតាមរបាយការណ៍បានបន្តទៀតថា ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជាក៏ត្រូវប្រឈមនឹងហានិភ័យមួយចំនួន រួមមាន៖

១-ការថមថយកំណើនសេដ្ឋកិច្ចនៅបណ្ដាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗរបស់កម្ពុជា ដែលអាចប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងការងើបឡើងនៃវិស័យ ទេសចរណ៍។

២-ភាពរឹតត្បិតនៃស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តជាតិ ដោយសារការដំឡើងអត្រាការប្រាក់ គោលនៅប្រទេសអភិវឌ្ឍន៍ ដែលអាចដាក់សម្ពាធលើថ្លៃដើមនៃការខ្ចីពីក្រៅប្រទេសនិងលំហូរវិនិយោគ មកកម្ពុជា។

៣-ការឡើងថ្លៃប្រាក់ដុល្លារអាមេរិក ដែលអាចដាក់សម្ពាធលើភាពប្រកួតប្រជែងលើ ការនាំចេញរបស់កម្ពុជា និងការចំណាយរបស់ភ្ញៀវទេសចរដោយសារតែកម្រិតខ្ពស់នៃដុល្លារូបនីយកម្ម ព្រមទាំងអាចបង្កជាសម្ពាធលើស្ថិរភាពអត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក។

៤-ភាពមិនច្បាស់លាស់នៃថ្លៃប្រេងអន្តរជាតិនិងថ្លៃវត្ថុធាតុដើមកសិកម្ម ដោយសារការរសបន្លាយនៃសង្គ្រាម រុស្ស៊ី អ៊ុយក្រែន ដែលអាចមានឥទ្ធិពលលើអត្រាអតិផរណាកម្ពុជា និងបង្កើនចំណាយនាំចូល។

៥-បញ្ហា សេដ្ឋកិច្ច-សង្គមបន្សល់ទុកដោយវិបត្តិកូវីដ-១៩ ដែលអាចដាក់បន្ទុកលើសក្តានុពលនៃកំណើន សេដ្ឋកិច្ចក្នុងរយៈពេលមធ្យមនិងវែង ដូចជា ការផ្លាស់ប្តូររចនាសម្ព័ន្ធការងារ និងការកើនឡើងន ភាពក្រីក្រនិងវិសមភាពសង្គម។

៦-ការប្រែប្រួលអាកាសធាតុដែលអាចប៉ះពាល់ខ្លាំងដល់វិស័យកសិកម្ម និង៧-លទ្ធភាពនៃការកើតមានមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលមានភាពស៊ាំនឹងវាក់សាំង។

ឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារនិងកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច សំដៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នយោបាយរូបិយវត្ថុនឹងបន្តអនុវត្តប្រកបដោយស្មារតី បុរេសកម្ម ទន់ភ្លន់ និងប្រុងប្រយ័ត្ន។

យុទ្ធសាស្ត្រចាកចេញពីវិបត្តិនឹងត្រូវធ្វើឡើងតាមការវិវត្តន ស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពង្រឹងទ្រនាប់គោលនយោបាយសម្រាប់ឆ្លើយតបនឹងការប៉ះទង្គិច ជាយថាហេតុនាពេលអនាគត។ សេវាហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់នឹងត្រូវបន្តធ្វើទំនើបកម្ម ស្របតាម ការផ្លាស់ប្តូរនៃដំណើរការប្រព័ន្ធសេដ្ឋកិច្ចនិងសង្គម ដែលពឹងផ្អែកកាន់តែខ្លាំងជាងមុនទៅលើប្រព័ន្ធ ឌីជីថល ទន្ទឹមនឹងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថលដល់ប្រជាពលរដ្ឋ។ ការបន្ត ពង្រឹងនិងពង្រីកផលិតផលនិងសេវាហិរញ្ញវត្ថុថ្មីៗ នឹងបង្កើនបរិយាបន្នហិរញ្ញវត្ថុ ដែលកន្លងមកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសេដ្ឋកិច្ចរកបដោយបរិយាបន្ន។

អតិផរណាព្យាករ សម្រាប់ឆ្នាំ២០២៣ អតិផរណានៅឆ្នាំ២០២៣ នៅមានភាពមិនច្បាស់លាស់ច្រើន ដោយសារការអូសបន្លាយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។

យោងតាមការសន្មត ដោយសុទិដ្ឋិនិយម អតិផរណាត្រូវបានព្យាករថានឹងមានអត្រា ២,៥% ទាបជាងឆ្នាំ២០២២ (៥,៣%) ដែលរួមចំណែកដោយ៖ -ថ្លៃទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ នឹងថមថយមកវិញ (៣%) ដោយសារកំណើនយឺតនៃសេដ្ឋកិច្ចពិភពលោក។

-កំណើនថ្លៃម្ហូបអាហារនឹងថយល្បឿន (២,៤%) ដែលបណ្តាលមកពីភាពប្រសើរឡើងនៃស្ថានភាពផ្គត់ផ្គង់និងការថយចុះថ្លៃដើមផលិត និង -អតិផរណា ស្នូលនឹងថយមកវិញបន្តិច (២,៦%) ដោយសារឥទ្ធិពលពីការថមថយកំណើនថ្លៃម្ហូបអាហារ រួមទាំង ការថយចុះថ្លៃប្រេងឥន្ធនៈ គួបផ្សំនឹងការរំពឹងពីការថយល្បឿនកំណើនឥណទានក្នុងបរិការណ៍ន ការកើនឡើងអត្រាការប្រាក់។

ការព្យាករនេះមាននិន្នាការស្របនឹងការព្យាករនៃអតិផរណាពិភពលោកផងដែរ ដោយត្រូវបានរំពឹងថានឹងថយចុះមក ៦,៥% នៅឆ្នាំ២០២៣ ពី ៨,៨% នៅឆ្នាំ២០២២ ក្នុងនោះ សេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ ៤,៤% (៧,២% នៅឆ្នាំមុន) និងប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ៨,១% (៩ ៩% នៅឆ្នាំមុន)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)