Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគឥណ្ឌូនេស៊ីចំនួន ២២គម្រោង តម្លៃជិត ៧០លានដុល្លារ

ភ្នំពេញ៖ គិតត្រឹមខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលសំណើសុំវិនិយោគពីឥណ្ឌូនេស៊ីចំនួន ២២គម្រោង ក្នុងទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ ដែលវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងសេវាកម្ម។ បើតាមជំនួបពិភាក្សា លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)  ជាមួយ លោក M. Arsjad Rasjid P.M. ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឆ្នាំ២០២៣។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (ICCI) ដឹកនាំដោយ លោក M. Arsjad Rasjid P.M. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងភាពជាម្ចាស់ផ្ទះនៃវេទិកាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី រាប់បញ្ចូលទាំងការជំរុញការវិនិយោគក្នុងវិស័យបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍប្រកបដោយចីរភាព,សុខាភិបាល,សន្តិសុខស្បៀង និងកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ រាជធានីភ្នំពេញ។

លោក សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះគណៈប្រតិភូ ICCI ដែលបានគិតគូរក្នុងនាមជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ានរបស់ផ្នែកឯកជន ដោយបានចំណាយពេលវេលាដ៍មានតម្លៃអញ្ជើញបំពេញទស្សនកិច្ចនៅតាមបណ្ដាប្រទេសសមាជិកអាស៊ាន ជាពិសេសនៅកម្ពុជាចាប់ពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០២៣។

លោក បានចាត់ទុកថាដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ គីជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៍ស្អិតរមួតដែលប្រទេសទាំងពីរផ្តោតការយកចិត្តទុកដាក់ជំរុញការធ្វើវិនិយោគ និងធុរកិច្ចក្នុងវិស័យសំខាន់។ លោក ក៍បានថ្លែងអំណរគុណដល់គណៈប្រតិភូដែលមានបំណងសិក្សាស្វែងយល់ និងដកពិសោធន៍អំពីភាពជោគជ័យនៃការរៀបចំវេទិកាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២២។

បន្ថែមពីនេះ លោក រដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីលើវិស័យឌីជីថល, ការអភិវឌ្ឍប្រកបដោយចីរភាព, សុខាភិបាល, សន្តិសុខ ស្បៀង និងកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ។ លោក សុខ ចិន្តាសោភា បានសង្កត់ធ្ងន់ពីភាពច្បាស់លាស់នៃការប្រែប្រួលអាកាសធាតុ ដែលពិភពលោកទាំងមូលចាំបាច់រួមគ្នាដោះស្រាយ ហើយការប្រែប្រួលនេះនឹងជះឥទ្ធិពលដល់ការធ្វើកសិកម្មក្នុងប្រទេសនីមួយៗ ដែលពាក់ព័ន្ធផ្ទាល់ដល់បញ្ហាសន្តិសុខស្បៀង។

លោក រដ្ឋមន្ត្រី ក៍បានស្នើឱ្យ ICCI បន្តខិតខំធ្វើការងារបន្ថែមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព វិបុលភាពរួម និងវឌ្ឍនភាពសង្គម ដើម្បីលើកតម្កើងសារប្រយោជន៍ និងបំណង ប្រាថ្នានៃប្រជាជាតិអាស៊ានទាំងមូល។

ក្នុងន័យនេះ លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា មជ្ឈភាពអាស៊ានដើរតួនាទីជាកម្លាំងចលករដ៏សំខាន់សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ ហើយការប្រកាន់យកនូវស្មារតី “ភាពរួបរួមគ្នា” យើងជួយឱ្យអាស៊ានអាចដោះស្រាយនិងទប់ស្កាត់បញ្ហាប្រឈមជាច្រើន និងទទួលបាននូវសមិទ្ធផលរួមជាច្រើន។ ការរួបរួមគ្នានេះហើយនឹងជួយឱ្យមានការសម្រេចបាននូវ “សហគមន៍សេដ្ឋកិច្ចអាស៊ាន” (AEC) ដែលមានគោលបំណងធ្វើឱ្យអាស៊ានក្លាយជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្មដ៍សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។

លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា តាមរយៈយន្តការដែលដឹកនាំដោយអាស៊ានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនឥណ្ឌូនេស៊ីមក វិនិយោគនៅកម្ពុជាដើម្បីទ្បាមយកកាលានុវត្តភាពវិនិយោគថ្មីៗ ដែលកើតឡើងពីការរៀបចំគោលយោបាយ ទាក់ទាញវិនិយោគចំគោលដៅដូចមានក្នុងខ្លឹមសារនៃច្បាប់ស្ដីពីវិនិយោគនព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

តាងនាម ICCI លោកM. Arsjad Rasjid P.M. បានថ្លែងអំណរគុណជាអនេកប្បការជូនចំពោះ លោក សុខ ចិន្តាសោភា ដែលបានទទួលជួបជាមួយគណៈប្រតិភូ ICCI និងផ្ដល់ការគាំទ្រជាស្មារតីចំពោះការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការលើកទឹកចិត្តឱ្យមានការធ្វើការរួមគ្នារវាងតួអង្គពាក់ព័ន្ធសំដៅរៀបចំវេទិកាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ ២០២៣ ឱ្យបានទទួលលទ្ធផលល្អប្រសើរ។

លោក ប្រធាន ICCI ក៍បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជា សំដៅរួមចំណែកផ្ដល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជាលើវិស័យគន្លឹះនានា ទាំងក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងឯកជន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)