Register Already an agent ? Login

សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារកម្ពស់ ៤ជាន់

ខេត្តត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ដែលមានអគារធំៗចំនួន២ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ជាន់ ស្មើ ១៥,១០ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី៣។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរជាមួយសមិទ្ធផលថ្មីនៅលើទឹកដីក្រូចឆ្មារ ខេត្តត្បូងឃ្មុំនេះ គឺអគារមន្ទីរពេទ្យដ៏ធំសម្រាប់បម្រើវិស័យសុខាភិបាលនៅទីនេះ មន្ទីរពេទ្យបង្អែកនេះ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ។

ការប្រឹងប្រែងសាងសង់មន្ទីរពេទ្យនេះ គឺជាកិច្ចប្រឹងប្រែងមួយក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ មិនត្រឹមតែបំរើសេវាសុខាភិបាលនៅក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបម្រើប្រជាពលរដ្ឋនៅខេត្តផ្សេងៗដែលនៅជិតនេះបានផងដែរ។ បើតាមការលើកឡើងរបស់សម្ដេចតេជោ។

សម្តេចតេជោ បានមានប្រសាសន៍ថា ស្រុកក្រូចឆ្មារពីមុនជាតំបន់ដាច់ស្រយាល និងមិនមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ច្រើននោះទេ ដែលពេលនោះ អ្នកជំងឺខ្លះពេលសង្គ្រោះបន្ទាន់ត្រូវរកសេវាព្យាបាលនៅកន្លែងឆ្ងាយ ដែលធ្វើឱ្យមានការលំបាកយ៉ាងខ្លាំង។

ជំងឺកូវីដ-១៩ បានដាស់តឿនស្មារតីឱ្យយើងប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារសុខភាពប្រជាជន នៅពេលមានកូវីដ-១៩ រាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពការព្យាបាលជំងឺនៅគ្រប់ទីកន្លែងទាំងអស់។ បើតាមប្រសាសន៍បន្តរបស់ សម្តេចតេជោ បានបន្តទៀតថា មនុស្សយើងអាចមានពណ៌សម្បុរ សាសនា និងនយោបាយខុសគ្នា ប៉ុន្តែមានតម្រូវការរួម គឺការពិនិត្យព្យាបាលជំងឺ ហើយសន្តិភាព ក៏ជាតម្រូវការរួមផងដែរ។

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅកាន់អ្នកគ្រប់គ្រង និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក​ស្រុក​ក្រូច​ឆ្មារថា ការសាងសង់មន្ទីរពេទ្យ និងបំពាក់បរិក្ខារជាការលំបាកមួយទៅហើយ ប៉ុន្តែការធ្វើឱ្យមន្ទីរពេទ្យធានាបាននិរន្តរភាព គឺរឹតតែលំបាកទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)