Register Already an agent ? Login

ផ្លូវក្រាលកៅស៊ូ-ផ្លូវបេតុងចំនួន ១៤ខ្សែ ប្រវែងជាង ១៦៥គ.ម នៅខេត្តកំពង់ស្ពឺ បានសម្ពោធដាក់ឱ្យប្រើប្រាស់

កំពង់ស្ពឺ៖ ផ្លូវក្រាលកៅស៊ូ-ផ្លូវបេតុងចំនួន ១៤ខ្សែ មានប្រវែង ១៦៥.៦៣គីឡូម៉ែត្រ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជំហានទី២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការទី៧នៃរដ្ឋសភា បានអញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

នេះជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមអភិវឌ្ឍន៍សមិទ្ធផលថ្មីៗប្រកបដោយការទទួល ខុសត្រូវខ្ពស់។ បើតាមការថ្លែងរបស់ លោក ហ៊ុន ម៉ានី។

លោក បានបញ្ជាក់ថា តាមរយៈនៃគម្រោងកែលម្អផ្លូវជនបទ ពិតជាបានចូលរួមក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា ពិសេសប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវទាំងអស់ ព្រមទាំងអ្នកធ្វើដំណើរទទួលបាននូវការកាត់បន្ថយក្នុងកម្រិតអតិបរមា ពីការប៉ះពាល់ ដល់សុខភាព។

លោក បានបន្តថា ជាងនេះទៅទៀត គម្រោងក៏បានផ្តល់នូវកាលានុវត្តយ៉ាងច្រើន ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ទេសចរណ៍ សុខាភិបាល និងសេវាសង្គមផ្សេងៗទៀត។

មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនៅជនបទអាចទទួលបានផល ដោយផ្ទាល់ពីគម្រោងនេះ ដោយអាចធ្វើដំណើរបានគ្រប់រដូវកាលទៅកាន់ទីកន្លែងផ្សេងៗ។ បើតាមការបន្ថែមរបស់ លោក ហ៊ុន ម៉ានី បានបគូសបញ្ជាក់ថា ពិសេសការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ដើម្បីលក់ដូររកប្រាក់ចំណូលបន្ថែម ដើម្បីជួយសម្រាលជីវភាពគ្រួសាររបស់ពួកគាត់។

នៅក្នុងពិធីនោះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់ សប្បុរសជន ដែលតែងតែគិតគូរពីប្រជាពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាជនជាហូរហែ។

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ក្រសួងអភិវឌ្ឍន៍ជនបទបាន សាងសង់ផ្លូវសរុបចំនួន ១៤ខ្សែ ប្រវែង ១៦៥.៦៣ គីឡូម៉ែត្រ (ផ្លូវក្រាលកៅស៊ូ DBST ១៥៣.២៥គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ១២.៣៨ គីឡូម៉ែត្រ) ឆ្លងកាត់ ២៥ឃុំ និង ៦ស្រុក សរុបថវិកា ១៥ ១៥៤ ០០០ដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)