Register Already an agent ? Login

ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេសមានប្រមាណ ៩៧៧លានដុល្លារ កើនជិត ២៤% ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស មានចំនួនប្រមាណ ៩៧៧លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ២៣,៩៨% ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង ៧៨៨លានដុល្លារ។ បើតាមការថ្លែងរបស់ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

នៅក្នុងកម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នៅកម្ពុជា (UK’s Developing Countries Trading Schemes in Cambodia) កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ លោក សំហេង បូរ៉ា បានថ្លែងបន្តថា ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញចំនួនប្រមាណ ៨៨៦លានដុល្លារ និងបាននាំចូលចំនួនប្រមាណ ៩១លានដុល្លារ។

លោក សំហេង បូរ៉ា បានថ្លែងបន្តទៀតថា សម្រាប់រយៈពេលពីរខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបទ្វេភាគី គឺមានចំនួនប្រមាណ ១២១លានដុល្លារ។ លោក បានបញ្ជាក់ថា ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជារួមមាន៖ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងកង់ ខណៈនាំចូលពីចក្រភពអង់គ្លេសមកនូវផលិតផលដូចជា រថយន្ត ចំណីសត្វ ភេសជ្ជៈ ជាដើម។ល។

លោក សំហេង បូរ៉ា ដែលជាតំណាងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាគន្លឹះស្តីពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចក្រភពអង់គ្លេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស និងបានចាត់ទុកចក្រភពអង់គ្លេសគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។

ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអង់គ្លេស ដែលបានបន្តនូវការគាំទ្រដល់កម្ពុជា ដោយរក្សាការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា បើទោះបីជាប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក៏ដោយ។

លោក បានបញ្ជាក់ថា ចំពោះប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ថ្មីនេះ កម្ពុជានៅតែទទួលផលប្រយោជន៍ និងអាចនាំចេញទៅទីផ្សារចក្រភពអង់គ្លេសបានដោយទទួលបានអត្រាអនុគ្រោះពន្ធសូន្យ ជាមួយនីតិវិធីសាមញ្ញ វិធានដើមកំណើតទំនិញដែលងាយបំពេញបានជាងមុន និងវិធានបូកបន្ថែមដែលអាចរួមបញ្ចូលនូវវត្ថុធាតុពីប្រទេសជាង ៩៥ប្រទេស។

ទន្ទឹមនឹងនេះ លោក រដ្ឋលេខាធិការ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីនេះ នឹងជួយជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងបង្កើននូវទំនិញមានគុណភាពពីកម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)