Register Already an agent ? Login

ខេត្តប៉ៃលិន និងខេត្តបាត់ដំបងប្រគល់-ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួលព្រំប្រទល់រវាងខេត្តទាំង២

បាត់ដំបង៖ រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបងប្រគល់-ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួលព្រំប្រទល់រវាងខេត្តទាំងពីរ។ បើតាមរដ្ឋបាលខេត្តប៉ៃលិន បានបន្តថា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកស្រី បាន ស្រីមុំ អភិបាលខេត្តខេត្តប៉ៃលិនបាន ចូលរួមពិធីផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែល​បានកែសម្រួល​ព្រំប្រ​ទល់​រដ្ឋបាល ពីរដ្ឋបាលខេត្តបាត់ដំបង ទៅរដ្ឋបាលខេត្តប៉ៃលិន។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបា​ល​រវាង​ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួលព្រំប្រទ​ល់រដ្ឋបាល​រវាង​​ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ដោយកាត់យកភូមិសាស្រ្តតំបន់ភ្នំដំបង នៃឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៦,៦៨៥ហិកតា ឱ្យស្ថិតក្រោមកា​រ​គ្រ​ប់គ្រងរបស់រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងសង្កែ​ជាខ្សែព្រំ​ប្រ​ទល់រដ្ឋបាល។

​កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងស្រុកកំរៀង ខេត្តបាត់ដំបង ដោយ​កា​ត់​យ​កភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង នៃឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃ​ដី​សរុបចំនួន ១,៣៧៦ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងកាត់យកភូមិកំពង់ចម្លងក្រោមនៃឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃ​ដី​សរុបចំនួន ៣,៦១៨ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងមង្គលបូរីជាខ្សែព្រំប្រទល់រដ្ឋបាល។

សូមរំលឹកថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងបញ្ជាក់ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិ​ធី​ប្រគ​ល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ថា បញ្ហាការកែរសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិននេះ អាជ្ញា​ធ​រខេត្តទាំងពីរ បានដោះស្រាយតាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្នមានរយៈពេលជិត៣០ឆ្នាំ ប៉ុន្ដែមិនទាន់ដោះស្រាយបានរួចរាល់ទៅវិញ។

សម្ដេចតេជោ បានបន្តថា ដូច្នេះទុកពេលចំនួន ២សប្ដា​ហ៍ឱ្យ​​អភិបាលខេត្តទាំងពីរ ត្រូវដោះស្រាយឱ្យបានរួចរាល់នូវប​ញ្ហាព្រំប្រទល់រដ្ឋបាល​​រវា​ង​ខេត្តទាំងពី ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកម្មសិទ្ធិដីធ្លី និងការចុះ​ឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)