Register Already an agent ? Login

ស្ពានបេតុងពីរប្រវែង ១៨០ម៉ែត្រ នៅសង្កាត់ចាក់អង្រែក្រោមនិងចាក់អង្រែលើ តម្លៃ៥លានដុល្លារ បានបើកការដ្ឋានសាងសង់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចំនួនពីរ ដែលមានប្រវែសរុប ១៨០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម និងអង្រែលើ មានតម្លៃ ៥លានដុល្លារ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

លោក ឃួង ស្រេង បានថ្លែងនៅក្នុងពិធីខាងលើឱ្យដឹងថា ស្ពានទី១ មានប្រវែង ២០ម៉ែត្រ x ២៨,៥០ម៉ែត្រ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម និងស្ពានទី២ មានប្រវែង ១៦០ម៉ែត្រ x ២៨,៥០ម៉ែត្រ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយបញ្ចប់ការសាងសង់ ស្ពានទាំងពីរនេះ នឹងតភ្ជាប់តួមហាវិថីអ្នកឧកញ៉មហារក្តីសប្បរិសភោគាធិបតី ហ៊ុន នាង ទាំងមូលដែល​ជាផ្លូវយុទ្ធសាស្ត្រ តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ផ្លូវលេខ៣៧១ ដែលនឹងធ្វើឱ្យទីក្រុង កាន់​តែមានលក្ខណៈសម្បត្តិប្រកួតប្រជែងខ្ពស់ ជាពិសេសកាត់បន្ថយថ្លៃដើម នៃការចំណាយលើការដឹកជញ្ជូនផលិត​ផល និងសេវាកម្មនានា កាន់តែប្រសើរឡើង។ បើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង។

លោក អភិបាលរាជធានីភ្នំពេញ បានថ្លែងបន្តទៀតថា ស្ពានទាំងពីរស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ដែលរាជរដ្ឋាភិបាលបានសម្រេចកែលម្អតំបន់នេះ ជាទីក្រុងរណបថ្មីសំដៅបង្កើននូវសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច ឱ្យបានខ្លាំងក្លាថែមទៀត ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ តាំងពីឆ្នាំ២០០៦ មកម្ល៉េះ។

លោក ឃួង ស្រេង ថ្លែងបន្ថែមថា ផ្អែកតាមប្លង់មេនៃគម្រោង តំបន់នេះ ត្រូវស្ថាបនាមហាវិថីចំនួន ៣ខ្សែ រួមមាន៖ ខ្សែទី១-មហាវិថីសម្តេចតេជោ ហ៊ុន សែន, ខ្សែទី២-មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង និង ខ្សែទី៣-មហាវិថីកាត់ទទឹងទី២ ព្រមទាំងត្រូវស្ថាបនាផ្លូវមេចំនួន ៦១ខ្សែ និងបំពាក់ភ្ជាប់នូវបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ខ្សែកាបអុបទិច ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកស្អុយ រក្សាទុកអាងស្តុកទឹក អាងប្រព្រឹត្តិកម្មទឹកកខ្វក់ លើកកម្ពស់ដីរូបសាស្ត្រកំណត់តំបន់បៃតង រៀបចំប្រព័ន្ធចរាចរណ៍ដឹកជញ្ជូន និងសំណង់ សិល្បការជាច្រើនទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ត្រូវបានផុសចេញជារូបរាងឡើងជាបណ្តើរៗ មានទាំងគម្រោងអគារពាណិជ្ជកម្ម-ខុនដូរ ប្រណីត អគារតាំងបង្ហាញរថយន្តប្រណិត សាលាអន្តរជាតិ ISPP បុរី Town បុរី ជីបម៉ុង បុរី ប៉េងហូត គម្រោងផ្សារ ទំនើបជីបម៉ុង២៧១ មេហ្គា ម៉ល ផ្សារទំនើប PH Diamond Place និង គម្រោងផ្សារទំនើបអីអនទី៣ ព្រមទាំងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)