Register Already an agent ? Login

លោក ស៊ុន ចានថុល បង្ហាញគម្រោងធំៗ៣ ទៅចិនដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទានសាងសង់

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកបង្ហាញនូវគម្រោងធំៗចំនួន៣ ទៅចិនដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទានសាងសង់ ដែលបានបញ្ចប់ការសិក្សារួចហើយរួមមាន៖ ទី១-គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ, ទី២-គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប និងទី៣-គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

លោក ស៊ុន ចាន់ថុល លើកឡើងនូវគម្រោងធំៗទាំង៣នេះ  នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

បើតាម រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកិជញ្ជូនបានបញ្ជាក់ថា គម្រោងទី១ សិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC, ទី២ ដោយក្រុមហ៊ុន Shanghai Construction Group Co.,Ltd និងទី៣ ដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

ជាការឆ្លើយតប លោក ZHANG Zhiqing បានគូសបញ្ជាក់ថា ចំពោះគម្រោងទី១ និងទី២ កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ លោក បានលើកឡើងបន្កថា ដោយឡែកចំពោះគម្រោងទី៣ ស្នើសុំពេលវេលា ដើម្បីយកលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដាក់ទៅស្ថាប័នជំនាញពាក់ព័ន្ធពិភាក្សាឱ្យបានលម្អិតស៊ីជម្រៅ ដើម្បីបានជាមូលដ្ឋានក្នុងការឆ្លើយតបត្រឡប់មកវិញ។

សូមបញ្ជាក់ថា បើតាមកិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចឡើង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ភាគីចិន បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ និងបានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់។ ជាមួយគ្នានេះដែរ ភាគីចិនក៏បានផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ដោយបានបញ្ជាក់ថា ការបង្កើតក្រុមការងារបច្ចេកទេស គឺជាការងារអាទិភាព។

ចំពោះការស្នើឱ្យបង្កើតក្រុមការងារបច្ចេកទេសនេះ លោក ស៊ុន ចាន់ថុល បានផ្តល់ការឯកភាពនឹងចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ។

គូសបញ្ជាក់ថា ទំនួលខុសត្រូវចម្បង របស់នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសគឺ ផ្តល់ជូននូវយុទ្ធសាស្ត្រ ផែនការ និងគោលនយោបាយសម្រាប់ការប្រើប្រាស់ទុនបរទេស និងការវិនិយោគក្រៅប្រទេស និងពិនិត្យវាយតម្លៃគម្រោងសំខាន់ៗ។ លើសពីនេះ នាយកដ្ឋានក៏ផ្តល់នូវការណែនាំ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិលើគម្រោងធំៗ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពផលិតកម្មផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)