Register Already an agent ? Login

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ត្រៀមចុះហត្ថលេខាខាងមុខ

ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានប្រកាសបញ្ចប់ជាផ្លូវការនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ភាគីទាំងពីរនឹងពន្លឿននីតិវិធីបន្តដើម្បីអាចឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ តាមកាលបរិច្ឆេទសមស្របនាពេលឆាប់ៗខាងមុខ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួមបានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) តាមរយៈប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ការប្រកាសបញ្ចប់ការចរចាផ្លូវការ Cambodia-UAE CEPA ដោយមានវត្តមានចូលរួមពីប្រធានក្រុមចរចា តំណាងក្រុមការងារចរចា និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរសរុបប្រមាណ ១០០រូប។

សមិទ្ធផលជាប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយនេះត្រូវបានផ្តួចផ្តើម និងបង្កើតស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលទៅក្នុងតំបន់និងពិភពលោក។ បើតាមការថ្លែងរបស់ លោក ប៉ាន សូរស័ក្តិ។

លោក ប៉ាន សូរស័ក្តិ បានបន្តថា លទ្ធផលភាគីទាំងពីរបានឯកភាព និងចុះហត្ថលេខាលើលក្ខន្តិកៈយោងនៃការបង្កើតកិច្ចព្រមព្រៀង Cambodia-UAE CEPA កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយបានប្រកាសបើកការចរចាជុំទី១ នៅថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។

បន្ទាប់មក ភាគីទាំងពីរបានរៀបចំការចរចាជុំទី២ នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងការចរចាជុំទី៣(ជុំចុងក្រោយ) នៅថ្ងៃទី២0-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម ប្រកបដោយសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។ បើតាមការថ្លែងបន្តទៀតរបស់ លោក ប៉ាន សូរស័ក្តិ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់ថា ការចរចានេះ បានដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម។

លោក រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយទទួលស្គាល់ពីថាមវ័ន្តសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ប្រទេសកម្ពុជានិងប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាក្រោមក្របខណ្ឌនេះ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់ប្រជាជននៃភាគីទាំងពីរ តាមរយៈការលើកកម្ពស់ខ្សែច្រវាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈិមបូព៌ា។ 

កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ គ្របដណ្ដប់លើពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្ម ឧបាស្រ័យ ពាណិជ្ជកម្ម វិនិយោគ ពាណិជ្ជកម្មសេវា ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស សហគ្រាសធុនតូចនិងមធ្យម តម្លាភាព យន្តការដោះស្រាយវិវាទ អញត្រកម្ម រដ្ឋបាលកិច្ចនៃកិច្ចព្រមព្រៀង និងអវសានប្បញ្ញត្តិ។ បើតាមការបន្ថែមរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។

លោក ប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា ក្នុងនោះដែរ ទំនិញកសិកម្មនិងឧស្សាហកម្មសក្តានុពលដែលកម្ពុជានឹងទទួលបានទីផ្សាររួមមាន៖ អង្ករ បន្លែ ចេក ស្វាយចន្ទី ស្វាយ ពោត ម្រេច ទុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ កង់ គ្រឿងដង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ជាដើម។-ល-។ រីឯទីផ្សារសេវាដែលកម្ពុជាទទួលបានសំខាន់ៗរួមមាន៖ សេវាកម្មអាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និង សេវាកម្មបរិស្ថាន។-ល-៕

ដោយ៖ មឿន ឌីណា (Moeun Dyna)