Register Already an agent ? Login

កម្ពុជា រកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ២ខែឆ្នាំ២០២៣

ភ្នំពេញ៖ រយៈពេល២ខែឆ្នាំ២០២៣ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទទួលបានចំណូលចំនួន ៧៩,៣៦៩,៧១០ដុល្លារ ក្នុងនោះ នាំចេញជ័រកៅស៊ូចំនួន ៧៩,០៦២,៤១៤ដុល្លារ និងនាំចេញឈើកៅស៊ូចំនួន ៣០៧,២៩៦ដុល្លារ។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។

បរិមាណ នៃនាំចេញ២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៥៨,៥៩០តោន បានកើនឡើងចំនួន ១០,១៨១តោន ស្មើនឹង ២១% ធៀបនឹងឆ្នាំ២០២២ ហើយការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១,៣៦១ម៉ែត្រគូប។ បើតាមរបាយការណ៍ខាងលើ។

របាយការណ៍ខាងលើបានបន្តថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម នៅរយៈពេល២ខែ ឆ្នាំ២០២៣ ថ្លៃ ១,៣៤៩ដុល្លារ ក្នុង ១តោន បានថយចុះចំនួន ២៣៦ដុល្លារ ក្នុង១តោន ស្មើនឹង ១៤% ធៀបនឹងឆ្នាំ២០២២។

ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង ២២% គិតត្រឹមរយៈពេល២ខែ ឆ្នាំ២០២៣។

សូមរម្លឹកថា កាលពីឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៥២៧,៧៧៤,៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤,០៨៩,២៧៣ដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)