Register Already an agent ? Login

កម្ពុជា នាំទំនិញទៅប្រទេសវៀតណាម ២ខែឆ្នាំ២០២៣ មានទឹកប្រាក់ជាង ៤៩១លានដុល្លារ កើនជាង៣៦%

ភ្នំពេញរយៈពីរ​ខែ មករានិង​កុម្ភៈ ឆ្នាំ​២០២៣ កម្ពុជាបាន​នាំ​ទំនិញ​ទៅ​ប្រទេស​វៀតណាម មានតម្លៃ​សរុប ៤៩១.១៨ លាន​ដុល្លារ កើន ៣៦,១% ​ធៀប​នឹងឆ្នាំ២០២២ មានចំនួន ៣៦០.៨៤៣លាន​ដុល្លារ។ បើតាមរបាយការណ៍ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបន្តថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានទឹកប្រាក់ជិត ១,១​ពាន់​លាន​ដុល្លារ។

វៀតណាម បាន​នាំ​ទំនិញ​មក​កម្ពុជា​វិញ​ចំនួន ៥៩៣,៥៥៧លាន​ដុល្លារ កើន ០,៧% ​ពី​ចំនួន ៥៨៩,២៧៨លាន​ដុ​ល្លារ​។ បើតាមរបាយការណ៍ដដែល បានបន្តថា ជា​សរុប​ទឹកប្រាក់​នៃ​ការធ្វើ​ពា​​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា​-​វៀតណាម រយៈ​​ពេល ២​ខែ​ដើមឆ្នាំ២០២៣ មាន​ចំនួន ១,០៨៤.៧៣៧​លាន​ដុល្លារ កើន ១៤,២% ​បើធៀបនឹងឆ្នាំ២០២២ មាន​ចំនួន ៩៥០.១២១​លាន​ដុល្លារ​។​

បើតាមរបាយការដដែលបានបន្តទៀតថា សម្រាប់​ខែកុម្ភៈ ឆ្នាំ​២០២៣ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ទឹកប្រាក់​សរុប ៦០៥.៩៨​លាន​ដុល្លារ កើនឡើង ៣០,៩៥៦% បើ​ធៀប​នឹងឆ្នាំ​២០២២ ដែលមាន ៤៦២.៧៣៥​លាន​ដុល្លារ​។ ​ទំនិញ​នាំ​ពី​កម្ពុជា​ទៅ​វៀតណាម មាន​ទឹកប្រាក់ ៣១៨.៩៥៣​លាន​ដុល្លារ កើនឡើង ៥៥,៤​% ពី ២០៥.២លាន​ដុល្លារ និង​វៀតណាម​នាំ​ទំនិញ​មក​កម្ពុជា ២៨៧.០២៧​លាន​ដុល្លារ បាន​កើនឡើង ១១,៥% ​ពី​ចំនួន ២៥៧.៥៣៥​លាន​ដុល្លារ​។

​ប្រទេស​ទាំងពីរ មាន​ព្រំប្រទល់​ជាប់គ្នាតែង​នាំ​ទំនិញ​នាំចេញ​-​នាំចូល​ទៅវិញទៅមក​ច្រើន ដោយ​ចំនួន​ទឹកប្រាក់​ពិតប្រាកដ​គឺមាន​ច្រើន​លើស​នេះ​ទៀត​។ បើតាម​ភ្នំពេញ​ប៉ុស្តិ៍ ដែលបានស្រង់សំដី របស់ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានបន្តថា ភាគច្រើន​នៃ​ផលិតផល​ដែល​កម្ពុជា​នាំទៅ​វៀតណាម គឺជា​ផលិតផល​ក​សិ​កម្ម ឬ​ជា​វត្ថុធាតុដើម​សម្រាប់​កែច្នៃ​ អ្វីដែល​គួរឱ្យកត់សម្គាល់​ពេលនេះ គឺ​ការនាំចេញ​កសិផល​ពី​កម្ពុជា​ទៅ​វៀតណាម កំពុងមាន​ភាព​វិជ្ជមាន​ជា​បន្តបន្ទាប់​។​

​ភ្នំពេញ​ប៉ុស្តិ៍បានស្រង់សំដី របស់ លោក លឹម ហេង បន្តថា តាមរយៈ​កិច្ច​សហ​ប្រតិបត្តិ​ការល្អ​នៅតាម​ព្រំដែនការបើក​ច្រកព្រំដែន​ថ្មីៗ ព្រមទាំង​គម្រោង​នៃ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ​(​ព្រំដែន​វៀតណាម​) ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​នឹងមាន​ទឹកប្រាក់​កាន់តែច្រើន​នៅពេល​ខាងមុខ​។​ ទំនិញ​ចម្បង​គេ​ដែល​កម្ពុជា​នាំទៅ​វៀតណាម គឺ​ផលិតផល​កសិកម្ម ​(​ស្រូវ​ កៅស៊ូ​ ស្វាយចន្ទី​ ដំឡូង​មី ជាដើម​) ចំណែក​ផលិតផល​វៀតណាម​នាំមក​កម្ពុជា មានដូចជា ដែក សម្ភារ​សំណង់ ប្រេង បន្លែ ផ្លែឈើ ជី និង​គ្រឿងយន្ត​។​

សូមរម្លឹកថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម ក្នុងឆ្នាំ​២០២២ មាន​ទឹកប្រាក់​សរុប ៦,១៣៥.៧៦​លាន​ដុល្លារ កើនឡើង ១៩,៦ ​%​បើ​ធៀប​ឆ្នាំ​២០២១​។ ក្នុងនោះ​ កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម មាន​ទឹកប្រាក់ ២,១៦៨.៦១៩លាន​ដុល្លារ កើន ៩,២​% និង​ទំនិញ​វៀតណាម​នាំមក​កម្ពុ​ជាមាន​ចំនួន ៣,៩៦៧.១៤១៣​លាន​ដុល្លារ កើនឡើង ២៦,២​%​។

គិត​ត្រឹម​ចុងឆ្នាំ​២០២១ កា​រវិ​និ​​យោគ​ផ្ទា​ល់ពី​បរទេស​នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​សរុប ៤១ពាន់​លាន​ដុល្លារ ក្នុងនោះ​ការវិនិយោគ​របស់​វិនិយោគិន​វៀតណាម មាន​ទឹកប្រាក់ ២,៥​ពាន់​លាន​ដុល្លារ ស្មើនឹង ៦,១% ​នៃ​ការវិនិយោគ​សរុប ខណៈ​ប្រទេស​ចិន នាំមុខគេ​ជាមួយនឹង​ទំហំ​ទឹកប្រាក់ ១៨​ពាន់​លាន​ដុល្លារ​។ បើតាមរបាយការណ៍ធនាគារជាតិ​នៃ​កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)