Register Already an agent ? Login

គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតប្រវែងជាង៣៤គ.ម ឆ្លងកាត់កោះ២ សង់ស្ពានឆ្លងទន្លេ៣ ចំណាយប្រមាណ ២៤០លានដុល្លារ

ភ្នំពេញ៖ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត មានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារ។ បើតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែម។

បើតាមកិច្ចប្រជុំ ក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) បានធ្វើបង្ហាញគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតជាង ៣៤គីឡូម៉ែត្រ សាងសង់ជាផ្លូវ ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះ កោះដាច់ និងកោះតាង។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន គម្រោងនេះ ត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១៣១១ម៉ែត្រ, ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១០៤៤ម៉ែត្រ។

បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុងសន្និបាត​បូកសរុបលទ្ធផល​ការងារ នៅទីស្តីការ​ក្រសួង​ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ បានថ្លែងឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ ដែល​មានប្រវែង​សរុប​ជាង ៥០គីឡូម៉ែត្រ​នឹងត្រូវសម្ពោធដាក់​ឱ្យប្រើប្រាស់​នៅអំឡុងខែ​ឧសភា ឬមិថុនា ឆ្នាំ២០២៣ខាងមុខ។

សូមរម្លឹកថា គម្រោងផ្លូវវាត់ក្រុងទី៣ សម្រេចរួចរាល់ជាង ៩០% ដែលតភ្ជាប់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកដល់ផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

ដោយ៖ មឿន ឌីណា (Moeun )