Register Already an agent ? Login

អភិបាលខេត្តរតនគិរី បើកការដ្ឋានជួសជុលក្រាលកៅស៊ូពីរជាន់ផ្លូវ១ខ្សែប្រវែង ១គ.ម ឆ្លងកាត់ស្រុក៣

រតនគិរី៖ កំណាត់ផ្លូវជាតិលេខ៧៨-៥ ដែលរងការខូចខាតប្រវែងជាង ១០០០ម៉ែត្រ ដែលឆ្លងកាត់ ស្រុកអូរជុំ ស្រុកវើនសៃ និងស្រុកតាវែង លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញបើកការដ្ឋានជួសជុល ដាក់ប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ប្រភេទDBST កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

ផ្លូវជាតិលេខ៧៨-៥ ជាផ្លូវមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយបានតភ្ជាប់ឆ្ពោះទៅបណ្ដាស្រុកអូរជុំ ស្រុវើនសៃ និងស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមាញឹក។ បើតាមការលើកឡើងរបស់ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។

លោក បានបន្តថា ការជួសជុលផ្លូវនេះ ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ប្រភេទDBST ប្រវែង ១០០០ម៉ែត្រ និង១០ម៉ែត្រ ស្ថាបនាលូមូលសងខាងផ្លូវ ១១ម៉ែត្រ ចំនួន ២កន្លែង លូមូលទោលបណ្តោយផ្លូវ ១១ម៉ែត្រ ប្រវែង ២០០០ម៉ែត្រ អណ្ដូងលូចំនួន ៨៧កន្លែង រៀបខឿនចិញ្ចើមផ្លូវប្រវែង ១០០០ម៉ែត្រ ព្រមទាំងគូសគំនូស ចរាចរណ៍ទំហំ ១០៧៧២ម៉ែត្រការ៉េ។

លោកប្រធានមន្ទីរ បានបន្តថាការជួសជុលកំណាត់ផ្លូវជាតិនេះគឺ ប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តន៍គម្រោងជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាសរសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹកសម្ភារឧបភោគបរិភោគ និងសម្ភារសំណង់ពីទីផ្សារ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋ។

នាឱកាសនោះ អភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង ជាមួយគ្នានោះ អាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសអ្នកដែលរស់នៅសងខាងតាមបណ្តោយផ្លូវជាតិ៧៨-៥ទាំងអស់ ចូលរួមបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីជំរុញឱ្យគម្រោងជួសជុលនេះ អាចដំណើរការបានដោយរលូន និងសម្រេច ជោគជ័យតាមការគ្រោងទុក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)