Register Already an agent ? Login

ក្រុមហ៊ុន CREC ទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី ចង់វិនិយោគលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន China Railway Group Limited (CREC) មកពីទីស្នាក់ការកណ្តាលក្នុងតំបន់នៃប្រទេសម៉ាឡេស៊ី នៅក្នុងជំនួបពិភាក្សាការងារ ជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងសាធារការ និងជញ្ជូន បានបង្ហាញនូវចំណាប់អារម្មណ៍លើការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ពិសេសគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train)។

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានទទួលជួបពិភាក្សាការងារជាមួយជាមួយ ក្រុមហ៊ុន CREC កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានឆ្លើយតបនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ដោយបានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ។

នាឱកាសនោះ រដ្ឋលេខាធិការប្រចាំការ បានបង្ហាញគម្រោងរួមមាន៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) ពិសេសលើប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងខ្សែផ្លូវរថភ្លើងថ្មីប៉ោយប៉ែត-សៀមរាប-ភ្នំពេញជាដើម ការសិក្សាគម្រោងផ្លូវរថភ្លើងទីក្រុង (Phnom Penh Urban Light Rail) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។

បើតាមជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យដឹកជញ្ជូនដើម្បីដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូន។

ជាមួយគ្នានោះផងដែរ ក្រុមហ៊ុន CREC បានណែនាំអំពីសេវាកម្មផ្សេងៗរបស់ខ្លួនក្នុងការរចនា សាងសង់សំណង់ អភិវឌ្ឍន៍អចលនទ្រព្យ វិនិយោគហិរញ្ញវត្ថុ និងការចូលរួមការងារដែលខ្លួនធ្លាប់បានអនុវត្តកន្លងមកលើវិស័យដឹកជញ្ជូន ព្រមទាំងបង្ហាញនូវចំណាប់អារម្មណ៍លើការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ពិសេសគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train)។

សូមរម្លឹកថា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងជំនួបពិភាក្សាជាមួយ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា កម្ពុជា កំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ-ប៉ោយប៉ែត ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ មានចម្ងាយ ៣៨២គីឡូម៉ែត្រ ខណៈបច្ចុប្បន្នគម្រោងផ្លូវដែកនេះ បានសិក្សាសមិទ្ធលទ្ធភាពចប់សព្វគ្រប់ហើយ។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក ស៊ុន ចាន់ថុល ដែលបានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យ​ការសាងសង់ផ្លូវក្រវាត់​ក្រុងទី៣ បានថ្លែងឱ្យដឹងថា មានក្រុមហ៊ុនឯកជនមួយស្នើសុំធ្វើផ្លូវល្បឿនលឿនជាប្រភេទ BOT ពីភ្នំពេញ ទៅបាត់ដំបង ទៅប៉ោយប៉ែត ដោយគាត់យល់ឃើញថា ផ្លូវជាតិលេខ៥ មាន៤គន្លងមែន តែមានសត្វឆ្លងកាត់ មានការយឺតយ៉ាវ។

ក្រសួង ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះ សិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត នេះផងដែរ។ បើតាមការបញ្ជក់របស់ លោក ស៊ុន ចាន់ថុល បានបន្តថា កម្ពុជាគឺមិនមានបញ្ហានោះទេ ឱ្យតែមានក្រុមហ៊ុនណាចង់មកបណ្ដាក់ទុក និងអនុញ្ញាតឱ្យធ្វើតែម្តងដើម្បីធ្វើយ៉ាងណាឱ្យមានជម្រើសច្រើនសម្រាប់ប្រជាពលរដ្ឋដើម្បីបង្កើនភាពងាយស្រួល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)